រដ្ឋបាលខេត្តមណ្ឌលគិរី ប្រកាសរឹតបន្តឹងការត្រួតពិនិត្យនៅច្រកព្រំដែន ក្រោយមានព័ត៌មានរថយន្តដឹកឈើឆ្លងកាត់ទៅវៀតណាម
22-05-2018 12:45
(មណ្ឌលគិរី)៖ មន្រ្តីជាន់ខ្ពស់ខេត្តមណ្ឌលគិរី បានថ្លែងបញ្ជាក់ថា រដ្ឋបាលខេត្តនឹងចាត់វិធានការលើការរឹតបន្តឹង ចំពោះការនាំចេញទំនិញផ្សេងៗ ជាពិសេសការលួចដឹកឈើចេញតាមច្រកព្រំដែននានា ក្នុងខេត្តមណ្ឌលគិរី កាន់តែមានប្រសិទ្ធភាព។
មន្រ្តីសាលាខេត្តបានប្រាប់ភ្នាក់់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះថា លោកអភិបាលខេត្ត បានដាក់បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់នៅក្នុងខេត្ត សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ ត្រូវបង្កើនការត្រួតពិនិត្យខ្លាំងឡើង ចំពោះបាតុភាពផ្សេងៗ ដែលកើតឡើងនៅតាមច្រកព្រំដែន។
ការប្រកាសដាក់វិធានការបែបនេះ បានកើតមានឡើងបន្ទាប់ពី មានសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា នៅច្រកមួយនេះមានការឆ្លងកាត់រថយន្តដឹកឈើ នៅតែកើតមានឆ្ពោះទៅ ប្រទេសវៀតណាម និងមិនទាន់មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានព្រមានចាត់វិធានការទៅលើមន្រ្តីទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះផងដែរ បើសិននៅមិនព្រមធ្វើការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះ៕