(តាកែវ)៖ ដោយមានទស្សនៈផ្ទុយ អំពីការឃោសនារបស់ក្រុមអ្នកប្រឆាំងក្រៅច្បាប់ ដែលមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ, អ្នកព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ រាប់រយនាក់ បានប្រកាសជំហរថា ពួកគេនឹងទៅចូលរួមបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះ ដោយសារតែប្រជាពលរដ្ឋទាំងនោះមានការស្រលាញ់ចំពោះសន្តិភាព និងទទួលយកការអភិវឌ្ឍប្រកបដោយចីរកាលរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

ការអះអាងអំពីជំហររបស់ប្រជាពលរដ្ឋទាំងនោះ បានធ្វើឡើងនៅក្នុងឱកាសជំនួបសំណេះសំណាលជាមួយ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគីរីវង់ ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃអំពក នៅឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋទាំងអស់​ នៅក្នុងឃុំនេះ បានលើកឡើងថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅចុងខែកក្កដា ខាងមុខនេះ គឺជាការបោះឆ្នោតដ៏សំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋបង្ហាញជំហរគាំទ្រ គណបក្សនយោបាយ ដែលមានគោលនយោបាយត្រឹមត្រូវ ដើម្បីដឹកនាំប្រទេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋទាំងនោះ នៅតែបន្តពេញចិត្ត និងគាំទ្រដល់គោលនយោបាយការពារសន្តិភាព និងបន្តអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយច្បាស់លាស់ និងប្រកបដោយចីរភាព។

លោកស្រី កុយ ពិសី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃអំពក បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋនៅឃុំនេះទាំងអស់ ដែលនៅតែបន្តបង្ហាញជំហរជឿជាក់គណបក្សប្រជាជនកម្ពុជា មិនចាញ់ឃោសនារបស់ ក្រុមអគតិ ដែលកំពុងញុះញង់ បង្ខូចបរិយាកាសបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។ លោកស្រី​បានលើកឡើងថា គណបក្សប្រជានកម្ពុជា បានខិតខំគ្រប់បែបយ៉ាងដើម្បីសន្តិភាពរបស់ប្រទេសនេះ។

លោកស្រីបានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ នៅតាមមូលដ្ឋានរួមគ្នាសាងអំពើរល្អ រួបរួមគ្នាថែរក្សា និងការពារសន្តិភាព ឲ្យខានតែបាន តាមរយៈការទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ដែលគ្មានគូប្រៀប។

នៅក្នុងឱកាសនោះដែរ លោកស្រី ក៏បានស្តាប់សំណូមពរ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ និងបានផ្តល់សម្លៀកបំពាក់ រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនដល់ប្រជាការពារក្នុងភូមិឃុំផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសំណេះសំណាលនេះ លោកស្រី កុយ ពិសី ក៏បានទៅពិនិត្យមើលការបញ្ចប់ការកសាងព្រះវិហារ នៅវត្តឧញ្ញារតនារាម ហៅវត្តទ្រមូង ដែលគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕