(ភ្នំពេញ)៖ សម្រាប់អ្នកចង់ស្វែងរកការងារ អ្នកចង់ផ្លាស់ប្តូរការងារ ឬអ្នកចង់ទទួលបានបទពិសោធន៍ស្វែងរកការងារ គឺអាចចូលរួមក្នុងវេទិកាការងារនាចុងខែឧសភានេះ ជាមួយនឹងឱកាសការងារជាច្រើនមុខជំនាញរហូតដល់ជាង១,២០០ កន្លែងឯណោះ។
វេទិកាការងារនឹងប្រព្រឹត្តិទៅ លើកទី១នៅថ្ងៃទី២៤ និងលើកទីពីរនៅថ្ងៃទី៣១ ខែឧសភាខាងមុខ ដែលនឹងនាំយកឱកាសការងារចំនួន ១២១១ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១២ រួមមាន៖ ធនាគារ AEON, ក្រុមហ៊ុន Global House, ក្រុមហ៊ុន Sonin, ក្រុមហ៊ុន EFG, បុរី ប៉េង ហួត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន Dynamics Pharma, Brown Coffee, ក្រុមហ៊ុន EMCAT, GFX, Vatanac Investment, Chip Mong Insee និង Yinkok Food Corporation។ វេទិកាការងារទំាងពីរលើកនេះនឹងរៀបចំនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។
លោកស្រី ណុប ស៊ីវណ្ណា ប្រធានផ្នែកធនធានមនុស្ស និងបណ្តុះបណ្តាលរបស់ធនាគារAEONលើកឡើងថា «ធនាគារ AEON ត្រូវការជ្រើសរើសបុគ្គលិកជាង១០០នាក់ ដើម្បីបម្រើការងារទាំងនៅរាជធានីភ្នំពេញ និងសាខានៅតាមបណ្តាខេត្តមួយចំនួន។ កន្លងមកយើងសង្កេតឃើញផ្សារទំនើប AEON Mall បានចូលរួមក្នុងវេទិកាការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ ហើយសង្កេតឃើញថាមានបេក្ខជនមកដាក់ពាក្យច្រើន ហើយភាគច្រើនល្អៗ និងមានសមត្ថភាព។ ដូច្នេះ ក្រុមហ៊ុននៅតែបន្តសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ ដោយឡែកសម្រាប់អ្នកដែលចូលរួមជាមួយវេទិកាការងារខាងមុខ ខាងក្រុមហ៊ុនលើកទឹកចិត្តដោយសម្ភាសតែម្តងទេបានន័យថាសម្ភាសភ្លាមដឹងជាប់ ឬធ្លាក់ភ្លាម តែសម្រាប់អ្នកដែលដាក់CVតាមរយៈក្រុមហ៊ុនយើងសម្ភាសពីរដង»។
ជាមួយគ្នានោះលោកស្រីបានជម្រុញឲ្យអ្នកស្វែងរកការងារធ្វើ សិស្ស/និស្សិត ដែលចង់ទទួលបានការងារមិនថានៅធនាគារបស់លោកស្រី ឬក្រុមហ៊ុនផ្សេងទៀត ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ដឹងនូវមុខតំណែងអ្វីដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
វេទិកាការងារ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាស ការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែង ក្នុងខែឧសភា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ រៀបចំកម្មវិធីវេទិកាការងារ និងកិច្ចសម្ភាសការងារដល់ទៅ៤ដង ដែលនាំយកឱកាសការងារជាង ២២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួន ២២ ក្រុមហ៊ុន។
វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជន ដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារ កាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។
ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ឬចង់ទទួលបានបទពិសោធន៍ស្វែងរកការងារពីអ្នកជំនាញ អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងារនេះបានដែលនឹងប្រព្រឹត្តិទៅនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕