Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលបាត់ដំបង រកឃើញទំនិញខូចគុណភាពចម្រុះចំនួន៤២គីឡូក្រាម ដាក់លក់នៅផ្សារ ក្នុងស្រុកគាស់ក្រឡ យកទៅរក្សាទុកដើម្បីដុតកម្ទេចចោល

22-05-2018 12:38

(បាត់ដំបង)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពជូនប្រជាជន ដោយបានរកឃើញ ទំនិញខូចគុណភាពចម្រុះ៤២គីឡូក្រាម ដែលបានដាក់លក់ នៅក្នុងផ្សារធំ ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង យកមករក្សាទុករងចាំការដុតកម្ទេចចោល។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋជាប្រចាំ ដែលតែងតែធ្វើការចុះត្រួតពិនិត្យ នៅតាមបណ្ដាលផ្សារ និងផ្ទះដែលដាក់តាំងលក់ នូវទំនិញទាំងអស់ ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនប្រពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា អាជីវករមួយចំនួន នៅតែដាក់តាំងលក់ទំនិញរបស់ខ្លួនមានការហួសកាលបរិច្ឆេទកំណត់ ដោយមិនបានយកចិត្តទុកដាក់ពីសុខភាពអ្នកប្រើប្រាស់ ហើយបើទស្សន៍ជាយ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ ម្យ៉ាងវិញទៀតអ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដ៏ទៃ គឺសមត្ថកិច្ចជំនាញតែងតែទប់ស្កាត់បានទាន់វេលា។

លោកបានបន្តថា ក្នុងនាមមន្រ្តីជំនាញនៅតែបន្តធ្វើការអប់រំ ផ្សព្វផ្សាយ ដោយផ្ទាល់តាមរយៈការបិទផ្សាយរូបភាពជាបន្តទៀត ដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាពមកលើអ្នកបរិភោគទាំងអស់គ្នា និងទប់ស្កាត់អ្នកនាំចូលទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ មកចែកចាយតាមទីផ្សារបន្តទៀត ចំណែកអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ មុននឹងទិញទំនិញអ្វីមួយយកទៅបរិភោគ ដែលអាចខូចសុខភាពខ្លួនឯងផងដែរ៕