(ភ្នំពេញ)៖ គិតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺមានរយៈពេលបីឆ្នាំហើយ ដែលច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំជក់ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្ត ប៉ុន្ដែជាក់ស្ដែងត្រូវគេមើលឃើញថា អនុលោមភាពនៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ ដោយនៅលើទីផ្សារលក់បារីក្នុងស្រុក គឺបន្ដមានផលិតផលរបស់ក្រុមហ៊ុនថ្នាំជក់ជាច្រើន មិនព្រមបោះពុម្ពសារព្រមានសុខភាពជារូបភាព ដែលមានទំហំ៥០% និងសារព្រមានសុខភាពជាអក្សរខ្មែរទំហំ៥% លើកញ្ចប់បារី និងសុង ដូចដែលច្បាប់បានកំណត់នោះឡើយ ហើយដាក់តាំងលក់ដោយសេរី យ៉ាងរំភើយនៅទូទាំងប្រទេស នូវផលិតផលមិនស្របច្បាប់ទាំងនោះ ។

លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា «ហើយសព្វថ្ងៃនេះ យើងបាននិងកំពុងចាត់វិធានការចំពោះក្រុមហ៊ុនថ្នាំជក់ អ្នកចែកចាយ ក៏ដូចជា រាល់សកម្មភាពលក់ និងដាក់តាំង ផលិតផលថ្នាំជក់ដែលពុំមានសារព្រេមានសុខភាពត្រឹមត្រូវតាមច្បាប់ទាំងនោះហើយ។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួន បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចែកចាយផលិតផលថ្នាំជក់ ដែលពុំមានសារព្រមានសុខភាពត្រឹមត្រូវ ហើយយើងនៅតែបន្តឃ្លាំមើល និងចាត់វិធានការ ជាបន្តបន្ទាប់ថែមទៀត ក្នុងគោលដៅជំរុញឲ្យមានការអនុវត្ត និងគោរពតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំជក់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ ដែលមានជាធរមានរួចមកហើយនោះ» ។

គួររម្លឹកថា កន្លងមក គេឃើញមានការចុះបង្ក្រាបរបស់អាជ្ញាធរកាលពីខែមីនា និងមេសា ចំពោះក្រុមហ៊ុន វីនីតុន (ដែលលក់បារី Luxury, Crown, Angkor Meas, Cambo, Shuang Xi) បានសន្យាថានឹងប្រមូលផលិតផលបារីរបស់ខ្លួន ដែលគ្មានសារព្រមានសុខភាពជារូបភាព ពីលើទីផ្សារឲ្យអស់ ត្រឹមថ្ងៃទី០១ ខែមិថុនា ដើម្បីយកមកធ្វើការកែតម្រូវឲ្យស្របច្បាប់ឡើងវិញ ។ ហើយចំពោះសំណុំរឿងរបស់ក្រុមហ៊ុន ស៊ីធីខេ (ដែលលក់បារី Cowboy, IZA, LAPIN) ដែលអាជ្ញាធររឹបអូសបានផលិតផលបារីមិនស្របច្បាប់គ្មានសារព្រមានជារូបភាពជាង ១,៦០០ ប៊ិចនោះ គឺកំពុងត្រូវបានតុលាការខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។

សាធារណជនក៏កំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យស្មារតីនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់មានប្រសិទ្ធិភាព ឈានទៅរកការកាត់បន្ថយអត្រាអ្នកជក់ ក៏ដូចជាបង្កើតបាននូវបរិយាកាសប្រកួតប្រជែងស្មើភាពគ្នានៅក្នុងវិស័យឧស្សាហកម្មថ្នាំជក់នៅកម្ពុជានេះផងដែរ ៕