(ភ្នំពេញ)៖ រថយន្តប្រភេទដឹកជញ្ជូនចំនួន១២គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបនឹងទទួលពីក្រុមហ៊ុនដំឡើងរថយន្ត Daehan Auto Cambodia បានប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Daehan Auto Cambodia បានផ្តល់រថយន្តចំនួន ១២គ្រឿង សម្រាប់ដឹកកម្មករ ដែលដំឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង ជូនទៅដល់សម្តេចនាយករដ្ឋមន្រ្តី ចុងក្រោយ សម្តេចសម្រេចថា ដើម្បីឱ្យការប្រើប្រាស់នេះបានផលប្រយោជន៍ជាទូទៅដល់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ សម្តេចក៏បានផ្តល់រថយន្តទាំងនេះដោយចែកចេញ ជាពីរផ្នែក៖ ផ្នែកទីមួយរថយន្ត ៦គ្រឿង ជូនទៅដល់ (ស.ស.យ.ក) និងផ្នែកទី២ ចំនួន០៦គ្រឿងទៀត ជូនទៅដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ។
រថយន្តទាំងអស់នេះ ក្រុមការងារនឹងយកទៅសម្រាប់ដឹកជញ្ជូនគ្រូពេទ្យផង និងប្រជាពលរដ្ឋដែលមកពិនិត្យ និងព្យាបាល និងការប្រើប្រាស់នៅតាមយន្តការជាក់ស្តែង។
លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីឲ្យរថយន្តនេះអាច ប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ ក្រុមហ៊ុនក៏មានបំណងថាគ្រោងបង្កើតធនាគារមួយទៀត ដែលសម្រាប់ផ្តល់ជាកម្ចីក្នុងការប្រាក់ទាបទៅឲ្យអ្នកបើកបររថយន្តដឹកកម្មករ សម្រាប់ឲ្យទិញរថយន្តនេះសម្រាប់ដឹកជំនួសវិញ។
លោក សុះ មូសិន អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និងលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានលើកឡើងស្រដៀងគ្នាថា ក្រោយទទួលបានរថយន្តទាំងនេះ ស.ស.យ.ក និង TYDA នឹងយកទៅប្រើប្រាស់ជាផលប្រយោជន៍ទូទៅសម្រាប់ប្រជាពលរដ្ឋ និងកម្មករនិយោជិត។
ក្រៅពីនេះ នឹងប្រើប្រាស់ជាផលប្រយោជន៍សង្គមទាំងមូល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬក៏និន្នាការនយោបាយអ្វីឡើយ ពិសេសសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាបញ្ហាសុខភាព សុមាលភាពរបស់ប្រជាពលរដ្ឋ៕