(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារកំពង់ថ្ម ស្ថិតនៅក្នុងភូមិត្រស់ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណង នៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានចុះពិនិត្យទំនិញម្ហូបអាហារ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ មី សសៃគុយទាវ សណ្តែកបណ្តុះ ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមតូប តែជាលទ្ធផល គឺរកមិនឃើញ ម្ហូបអាហារណា ដែលមានជាតិគីមីហាមឃាត់នោះទេ។
មន្រ្តីកាំកុងត្រូលបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារកំពង់ថ្មនេះ កម្លាំងជំនាញបានរកផលិតផលមួយចំនួនហួសកាលបរិច្ឆេទ ដូចជា៖ ទឹកក្រូច ចំនួន៩កំប៉ុង ទឹកផ្លែឈើ ចំនួន៣កំប៉ុង តែក្រូចឆ្មារចំណុះ៣៣០ml ចំនួន១០ដប ផលិតនៅប្រទេសថៃ និងតែក្រូចឆ្មារចំណុះ ៣៨០ml ចំនួន៨ដប ផលិតនៅប្រទេសថៃ និងនំពោត។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។
មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិង ចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕