(ភ្នំពេញ)៖ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុចំណុះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្តស្ដីអំពី «ការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល៣ឆ្នាំ ២០១៩-២០២១» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាក្រសួងមហាផ្ទៃ។
កិច្ចប្រជុំពិភាក្សាបន្តថ្ងៃទី៥នេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ឯម សំណាង បានបញ្ជាក់ថា ដោយស្ថានភាពនយោបាយក្នុងប្រទេសមានស្ថានភាពល្អ ប្រទេសមានស្ថេរភាព សុខសន្តិភាពល្អ ជនបរទេសដែលចូលមកទាំងការវិនិយោគ ទាំងការកំសាន្ត ហើយស្នាក់នៅក្នុងប្រទេសមានចំនួនកើនឡើងទ្វេដង និងកើនឡើងច្រើនជាងឆ្នាំមុនៗ ហើយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុបានទទួលចំណូល ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៍មានការកើនឡើងផងដែរ។
នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ គោលដៅចម្បងនៃកិច្ចប្រជុំ គឺចង់តម្រង់ទិសនៅរបៀបកសាងផែនការ ការគ្រោងផែនការគៀងគរចំណូលបន្ថែមឆ្នាំ២០១៩ និងការកាត់បន្ថយការចំណាយផ្សេងៗដែលមិនចាំបាច់ផងដែរ។
ក្រៅពីនេះ នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកបន្ថែមថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងលើកកម្ពស់នៃស្មារតី ប្រុងប្រយ័ត្ន សម្រាប់អនុវត្តការងារទាំងនេះ ព្រោះវាជាគោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យគ្រប់គ្រងថវិកា។
នាយឧត្តមសេនីយ៍ បន្តទៀតថា អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និង គ្រប់អគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងមហាផ្ទៃ មានកិច្ចសហប្រតិបត្តិការល្អយ៉ាងជិតស្និត ហើយធ្វើការជាមួយគ្នាបានល្អប្រសើរ និងបន្តជម្រុញនូវការអនុវត្តន៍ថវិកាកម្មវិធីអោយចំគោលដៅ ទៅតាមទឡ្ហីករ ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅដល់ការអនុវត្តន៍អោយបានពេញលេញល្អប្រសើរ។
សូមជម្រាបជូនថា កិច្ចប្រជុំស្ដីអំពី «ការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល៣ឆ្នាំ ២០១៩-២០២១» ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃនេះ មានរយៈពេល៧ថ្ងៃ ហើយនេះជាថ្ងៃទី៥នៃកិច្ចប្រជុំ នឹងបញ្ចប់នៅថ្ងៃទៅ២៤ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ៕