(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ កំពុងឈរលក់គ្រឿងញៀន ចំនួន២២កញ្ចប់ តែជាលទ្ធផល ត្រូវនគរបាលយាមល្បាតឃើញនៅពេលរាត្រីចាប់វាយខ្នោះ។
លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន ចំនួន២២កញ្ចប់តូច ខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រង់ចំណុចវាលខ្សាច់ក្បែរសំណង់មិនរៀបរយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយទទួលបានបទបញ្ជា ដើម្បីយាមល្បាតក្នុងភូមិសាស្ត្រពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ។
នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើដដែល បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ម៉ៅ សុភក្រ្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត និងស្នាក់នៅមិនពិតប្រាកដ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ត្រូវបានកម្លាំងយាមល្បាតរបស់លោកឃាត់ខ្លួន ខណៈដែលកំពុងឈរលក់គ្រឿងញៀន នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រង់ចំណុចវាលខ្សាច់លោកអនុសេនីយ៍ទោ អ៊ំ រតនា បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលប៉ុស្ដិ៍ បានទទួលការដឹកនាំពីអធិការនគរបាលខណ្ឌមានជ័យ ដើម្បីយាមល្បាតរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ទើបប្រទះឃើញបុរសខាងលើកំពុងតែឈរ និងមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យ បានរកឃើញថ្នាំញៀន ចំនួន២២កញ្ចប់ថង់តូច ដែលជនសង្ស័យឈរលក់ ហើយក៍ឈានដល់ការឃាត់ខ្លួនយកមកធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕