(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដាក់បទបញ្ជាភ្លាមៗឲ្យមន្ត្រីពាក់ព័ន្ធមួយចំនួន ចុះទៅត្រួតពិនិត្យធ្វើការដោះស្រាយជាបន្ទាន់ចំពោះទីតាំងចាក់បំពេញអាចម៌ដីសាងសង់ របងរួចរាល់ជាស្ថាពរមួយកន្លែង របស់ឈ្មោះ សុខ ស្រីមុំ ដែលបណ្ដាលឲ្យរងផលប៉ះពាល់លិចលង់ទាំងផ្លូវ និងផ្ទះប្រជាពលរដ្ឋ ពិបាកក្នុងការរស់នៅចេញចូលរកស៊ីទទួលទាន ពីជុំនន់ទឹកភ្លៀងនារដូវវស្សានេះមិនខាន ដោយសារពុំទាន់មានប្រព័ន្ធលូបង្ហូររំដោះទឹកត្រឹមត្រូវតាមលក្ខណៈស្តង់ដា។
ការដាក់បទបញ្ជាយ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើង ក្រោយទទួលបានពាក្យបណ្ដឹង និងការបញ្ចេញប្រត្តិកម្មពីសំណាក់ប្រជាពលរដ្ឋ ចំនួន១៧គ្រួសារ រស់នៅផ្ទះ១៧ល្វែង លើផ្លូវលំ ស្ថិតក្នុងក្រុមទី២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
នាយករដ្ឋបាលខណ្ឌឬស្សីកែវ លោក សន សោភ័ណ្ឌ បានបញ្ចាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ចំនួន១៧គ្រួសារ និងការដឹកនាំចង្អុលបង្ហាញពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មន្ត្រីពាក់ព័ន្ធមួយចំនួន មាននាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ មន្ត្រីការិយាល័យរៀបចំដែនដី-នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ជាមួយមន្ត្រីសង្កាត់-ភូមិផងដែរ បានសហការចុះដោះស្រាយសម្របសម្រួលភ្លាមៗទទួលបានលទ្ធផលដូចខាងក្រោម៖
ក្រុមប្រជាពលរដ្ឋក្នុងនាម (ដើមបណ្ដឹង) បានលើកឡើងសំណូមពរឲ្យភាគីម្ចាស់ដីលោកស្រី សុខ ស្រីមុំ ធ្វើការកាយយកអាចម៍ដី ដែលបានចាក់រួចរាល់ហើយនោះ ចេញវិញមួយចំនួន ដោយបារម្ភណ៍ខ្លាចដីចាក់ហើយនោះ ខ្ពស់ជាងផ្លូវ អាចបណ្តាលឲ្យទឹកលិចផ្លូវ ព្រោះពុំទាន់មានប្រព័ន្ធលូនៅឡើយបច្ចុប្បន្ន។
លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ចាក់ទៀតថា លើសពីនេះ ក្នុងការពិភាក្សារកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា លើបញ្ហាប្រព័ន្ធលូបង្ហូរទឹក ក្រុមប្រជាពលរដ្ឋ ក្នុងនាមដើមបណ្ដឹង បានឯកភាពជាមួយចុងបណ្តឹងតំណាងម្ចាស់ដីគឺលោកស្រី សុខ ស្រីមុំ បានសន្យាទៅថ្ងៃមុខ គាត់នឹងតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹក ទៅប្រព័ន្ធលូរបស់លោកឧកញ៉ា អ៊ុន ឃីម ដែលស្ថិតនៅផ្នែកខាងលិចក្បែរដីនេះ ក្នុងន័យបញ្ចប់រឿង តែចំពោះការកាយយកអាចម៍ដីចេញវិញនោះ លុះត្រាតែរងចាំឆ្លងយោបល់ជាមួយម្ចាស់ដីសិន ទើបផ្តល់ដំណឹងទៅតាមក្រោយតាមលទ្ធភាព ដែលអាចធ្វើទៅបាន៕