(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអះអាងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រនីតិកាលពី៦ នឹងប្រព្រឹត្តទៅតាមកាលកំណត់នាថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ ដោយគ្មានការប្រែប្រួលនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រី ថែមទាំងបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា មិនអនុញ្ញាតឲ្យក្រុមណា បុគ្គលណា ឬបក្សនយោបាយណាមួយយកទៅធ្វើជាចំណាប់ខ្មាំងបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

«យើងនឹងបន្តជាមួយគ្នានូវសុខសន្តិភាព និងដំណើរការប្រជាធិបតេយ្យរបស់យើងតាមរយៈដំណើការនៃការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខនេះ ហើយកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយ មនុស្សណាម្នាក់ ឬ បក្សនយោបាយណាមួយនោះទេ។ ដំណើរការបោះឆ្នោតត្រូវតែដំណើរការដោយគ្មានការពន្យារពេល»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះគណបក្សនយោបាយដែលនឹងចូលរួមសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះមានគណបក្សនយោបាយចំនួន ១៦ហើយ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ ហើយនៅសល់គណបក្សនយោបាយ ៤ផ្សេងទៀត ត្រូវបាន គ.ជ.ប ឲ្យពិនិត្យ និងបំពេញបន្ថែមលើកលក្ខខណ្ឌមួយចំនួន។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិផងដែរ ដែលបានហៅបក្សនយោបាយថ្មីថាជាបក្សអាប ឬ ជាបក្សអាយ៉ងបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការលើកឡើងទាំងនេះថា ជាការមើលស្រាលចំពោះគណបក្សនយោបាយដែលបង្កើតថ្មី៕