(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីចេញសែកស្អុយ (មូលទានគ្មានសាច់ប្រាក់)។
លោក ប៊ុត ស្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសខាងលើមានឈ្មោះ សរ រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោកបានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនបុរសខាងលើ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦អា មុខបុរីម៉េងហួត ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ការឃាត់ខ្លននេះ បានធ្វើឡើងតាម តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាល ពីចុងឆ្នាំ២០១៧ កន្លងទៅ៕