(កំពង់ធំ)៖ រថយន្តក្រុងរបស់ក្រុមហ៊ុន នុនបូរី ដឹកអ្នកដំណើរ លួចដឹកជញ្ជូនឈើប្រណិត ប្រភេទធ្នងបង្កប់ជាមួយនឹងការដឹកអ្នកដំណើរ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃាត់ទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ។ 

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន នុន បូរី ពណ៌ខៀវលាយស ប្រភេទហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-4545 បានដឹកអ្នកដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅភ្នំពេញ ដោយបានបើកបរនៅលើកំណាត់ ផ្លូវជាតិលេខ៦ មកដល់ចំណុច ភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក៏ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង និងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មស្ទាក់ចាប់រថយន្តបានតែម្តង ដោយសារលួចដឹកឈើប្រណិត ដោយគ្មានច្បាប់អនុញ្ញាត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ ក៏បានប្រទះឃើញមានឈើប្រណិត ប្រភេទឈើធ្នង់ចំនួន២៩ដុំ ស្មើរ០.៦២០ម៉ែត្រគូប ហើយក៏បាននាំយករថយន្តនោះ មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ព្រមទាំងបាន ទុកឱកាសឲ្យម្ចាស់ក្រុមហ៊ុន នុនបូរី ឬតំណាងក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយ និងផាកពិន័យតាមផ្លូវច្បាប់៕