(ភ្នំពេញ)៖ មេទ័ពល្បីឈ្មោះរបស់កម្ពុជាចំនួន៣រូប ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តអាណត្តិទី០៦ មកពីគណបក្សប្រជាជនកម្ពុជា នឹងត្រូវព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
មេទ័ពសំខាន់ៗទាំង៣រូបនោះរួមមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ការព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិ នាពេលខាងមុខនេះ គឺអនុវត្តទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលខេត្តព្រះសីហនុ ដែលមាន៣កៅអី។ ចំពោះនាយឧត្តមសេនីយ៍ គន់ គីម បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ។ ដោយឡែកនាយឧត្តមសេនីយ៍ មាស សុភា បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិតែមួយគត់ នៅមណ្ឌលព្រះវិហារ។ ក្រៅពីមេទ័ពទាំង៣នាក់នេះ នៅក្នុងវិស័យការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិលេខរៀងទី១ នៅខេត្តសៀមរាបផងដែរ។
បើតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឱ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
ទោះជាយ៉ាងនេះក្តី តំណាងរាស្រ្តដែលជាប់ឆ្នោត ក៏មានសិទ្ធិក្នុងការលាលែងពីតំណែងរបស់ខ្លួនវិញផងដែរ ហើយបេក្ខជនតំណាងរាស្រ្ត ដែលឈរនៅលេខរៀងបន្ទាប់ នឹងឡើងជំនួសនៅក្នុងសភាជាតិ៕