(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់។
និស្សិតដែលនឹងទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះមានកម្រិតបរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលគេនិយមហៅថាអនុបណ្ឌិតនោះ។ ពិធីនេះឡើងធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ។
លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បានឲ្យដឹងថា ពិធីចែកសញ្ញាបត្រនេះ គឺជាលើកទី១៨ហើយ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា តាមការស្ទង់មតិក្នុងចំណោមនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និស្សិតប្រមាណ ៩៥ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៤.៧៥ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៦.១០ភាគរយ។
លោក ហង់ ជួនណារ៉ុន បានគួសបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៨២ មកដល់ពេលបច្ចុប្បន្ន សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុបចំនួន ៤៩,០៥៦នាក់ ក្នុងនោះនារី ១៧,៦១៧នាក់។ ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សានេះ មាននិស្សិតបរទេស ១១២នាក់ នារី ៣៨នាក់ផងដែរ។
លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា និស្សិតដែលបានបញ្ចប់ការសិក្សា បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិនានា។
លោករដ្ឋមន្ត្រី ដែលកំពុងទទួលបានការកោតសរសើរលើស្នាដៃនៃការធ្វើកំណែទម្រង់លើវិស័យអប់រំរូបនេះ ក៏បានលើកឡើងផងដែរថា ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យ បាននិងកំពុងធ្វើសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាបរទេសនៃបណ្តាប្រទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៣៩ ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ លើការសិក្សា ការបង្រៀន និងការសិក្សាស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេសតាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យជាដៃគូបានចំនួន ១,៤០២នាក់។ បន្ថែមពីលើនេះ សាកលវិទ្យាល័យ ក៏បានបញ្ជូននិស្សិតចំនួន ៣៤នាក់ ទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរសិក្សា និងនិស្សិត ១៨នាក់ ទៅចូលរួមការប្រកួតអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងនីតិអន្តរជាតិ៕