(ភ្នំពេញ)៖ សល់រយៈពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាជាតិ លើកទី២ នឹងចូលមកដល់ ខណៈពិធីបើក និងបិទ នឹងធ្វើកាន់តែអធិកអធម ជាមួយនឹងការរៀបចំកម្មវិធីប្លែកៗជាច្រើន ពិសេសបំផុត គឺពិធីបើកនាថ្ងៃទី២៥ ខែឧសភាខាងមុខ ដោយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោឧត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ដើម្បីប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ ពីព្រះបរមរាជវាំង មកដុតបំភ្លឺគប់ នៅពហុកីឡដ្ឋានជាតិ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកការព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានភ្លើងគប់របស់ព្រះមហាក្សត្រ គឺជាការផ្ដល់នូវព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ក្រសួង-ស្ថាប័ន និងគ្រប់សហព័ន្ធកីឡាជាតិ ដែលចូលរួមរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងជំរុញឲ្យមហាព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះ កាន់តែកក្រើក និងអស្ចារ្យជាងមុន ។ បន្ថែមលើនេះ ក៏នឹងមានកម្មវិធីប្លែកៗជាច្រើន ដើម្បីបង្ហាញពីការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលចុះត្រួតពិនិត្យការហ្វឹកហាត់របស់ក្រុមយុវជន និងក្រុមកីឡាត្រៀមសម្ដែងចលនកាយសមស្របអបអរពិធីបើក-បិទកីឡាជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ លោក វ៉ាត់ ចំរើន និយាយថា «ការរត់ភ្លើងគប់ ដោយទទួលបានការប្រោសព្រះរាជទានពីព្រះមហាក្សត្រ នឹងធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែធំឡើង ព្រោះការព្រះរាជទាននេះ មានលក្ខណៈពិសេសអស្ចារ្យ ដោយភ្ជាប់ទៅនឹងប្រពៃណីសាសនា ទំនៀមទម្លាប់របស់ព្រះបរមរាជវាំង និងទំនៀមទម្លាប់កីឡាផង ។ ចឹងប្រជាពលរដ្ឋ នឹងមានការភ្ញាក់ផ្អើល ជាមួយនឹងការព្រះរាជទានភ្លើងគប់អាទិទេពរបស់ព្រះមហាក្សត្រនាពេលនោះ» ។
ចំពោះអត្តពលិកត្រូវចូលក្រាបបង្គំទទួលភ្លើងគប់ដោយផ្ទាល់ពីព្រះមហាក្សត្រ បានជ្រើសរើសរួចហើយ គឺកីឡាករ ឃឹម ឌីម៉ា អ្នកលេងគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម អមដោយកីឡាករមានប្រជាប្រិយភាពប្រចាំកម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ប្រាក់ មុន្នីឧត្តម ។ ប៉ុន្ដែមុនព្រះមហាក្សត្រប្រោសព្រះរាជទានភ្លើងគប់ ក្រសួងព្រះបរមរាជវាំង នឹងរៀបចំពិធីសាសនាមួយ ដើម្បីសុំភ្លើងអាទិទេព បន្ទាប់មកទើបកីឡាករល្បីៗខាងលើ រត់នាំយកភ្លើងគប់ កាត់តាមហាវិថីធំៗមួយចំនួន អមដោយម៉ូតូធំចំនួន ១២គ្រឿង ឆ្ពោះមកពហុកីឡដ្ឋានជាតិ ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការតែម្ដង ។
សម្រាប់កម្មវិធីប្លែកៗ ដែលនឹងត្រូវរៀបចំអបអរសាទរពិធីបើក-បិទកីឡាជាតិ លើកទី២ ឲ្យកាន់តែទាក់ទាញ និងជក់ចិត្តបន្ថែមទៀត មានដូចជាការសម្ដែងចលនកាយសមស្របរបស់ក្រុមយុវជន និងក្រុមអ្នកជំនាញកីឡា ការសម្ដែងសិល្បះបាញ់កាំជ្រួច រួមទាំងវត្តមានរបស់កំពូលតារាងចម្រៀងល្បីៗប្រចាំកម្ពុជា ៣រូប រួមមានលោក ព្រាប សុវត្ថិ, កញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធកញ្ញា ។ អ្វីដែលពិសេសទាំងពិធីបើក និងពិធីបិទ នឹងធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ដោយមានកីឡាសរុប ២៧ប្រភេទ ស្មើនឹង ២៧២វិញ្ញាសា ត្រូវបានកំណត់ដាក់ឲ្យប្រកួត ក្នុងគោលបំណងវាស់ស្ទង់គុណផលកីឡា តាមប្រភេទកីឡានីមួយៗ ក៏ដូចជាការហ្វឹកហ្វឺនរបស់មន្ដ្រីរៀបចំការប្រកួត មន្ដ្រីអាជ្ញាកណ្ដាល និងចៅក្រម ក្នុងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ ចំពោះទីកន្លែងប្រកួត សម្រាប់រាជធានីភ្នំពេញ គឺផ្ដោតលើការប្រើប្រាស់ទីលានក្នុងពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោ ។ រីឯការប្រកួតតាមខេត្ត រួមមានខេត្តកែប, ខេត្តកំពត និងខេត្តកំពង់ធំជាដើម ៕