(សៀមរាប)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា ស្ថានភាពជីវភាពរបស់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានធ្វើពលីកម្មដើម្បីបុព្វហេតុជាតិមាតុភូមិនោះ បានកំពុងមានភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនសមាជិកអតីតយុទ្ធជនស្រុកអង្គរធំ ខេត្តសៀមរាម ២២៦នាក់ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ឃុន វុធ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកអង្គរធំ។
នៅកិច្ចសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ជូនដល់អតីតយុទ្ធជន ព្រមទាំងបានជំរុញឲ្យប្រធានសាខាសមាគមថ្នាក់ឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាពឲ្យបានចប់សព្វគ្រប់ និងជំរុញថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ។
លោកអគ្គលេខាធិការ បានរំលឹកថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំ សមាគមអតីតយុទ្ធជន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានប្រឹងជ្រោមជ្រែងដោះស្រាយទុក្ខលំបាក និងជួយឲ្យការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាបានកាន់តែប្រសើរ។ លោកអគ្គលេខាបានបន្តថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន ព្រោះអតីតយុទ្ធជនសុទ្ធតែជាអ្នកបានពលីកម្មយ៉ាងធំធេងសម្រាប់មាតុភូមិកម្ពុជា។
«ជិតបីឆ្នាំមកនេះ សមាគមរបស់យើងដែលមានសម្តេចតេជោ ជាប្រធាន បានខិតខំដោះស្រាយការលំបាកជូនបងប្អូនយើងបានជាបន្តបន្ទាប់ដូចជាការបើកប្រាក់បេឡាមរណៈសង្គ្រោះបានទាន់ពេលវេលា ដឹកនាំធ្វើបច្ចុប្បន្នភាព ចុះស្វែងយល់ពីសុខទុក្ខបងប្អូននៅគ្រប់ស្រុក រកឃើញអ្នកដែលទាល់ក្រ បានដោះស្រាយដីធ្លី និងធ្វើផ្ទះជូនជាបណ្តើរៗ»។ នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់។
ក្នងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានសុំឲ្យសមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ត្រូវចេះជួយគ្នាពេលមានធុរះ និងចូលរួមរក្សាសុវត្ថិភាពនៅភូមិឃុំ តាមរយៈរាយការណ៍ជូនសមត្ថកិច្ចពីភាពមិនប្រក្រតី ដែលកើតមាននៅមូលដ្ឋាន និងសូមឲ្យបងប្អូនត្រូវធ្វើជាពលរដ្ឋឆ្នើមដើម្បីជាគំរូដល់សង្គម។
សមាជិកអតីតយុទ្ធជន ដែលបានចូលរួមក្នុងពិធីនេះបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់ពួកគាត់ ដូចជាដំឡើងប្រាក់ខែ និងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ការបើកប្រាក់ មរណៈសង្គ្រោះបានទាន់ពេលវេលា ជាពិសេសពេលនេះបានផ្តល់មេដាយជូនពួកគាត់ទៀត។
ក្នុងឱកាសនោះអតីតយុទ្ធជនបានប្រកាសប្តេជ្ញាថា នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជន គាំទ្រសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត៕