(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្នុងអំឡុងពេលនៃវេទិកាជំនួបពាណិជ្ជកម្មលើកទី៥ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយលោក Suresh Prabhu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលឥណ្ឌា លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មឥណ្ឌា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការរៀបចំវេទិកាជំនួបលើកទី៥នេះឡើង ដោយនេះជាលើកដំបូងហើយ ដែលវេទិកានេះត្រូវបានប្រារព្ធធ្វើនៅក្រៅប្រទេសឥណ្ឌា។
លោករដ្ឋមន្ត្រីបន្តទៀត ដោយបានស្នើសុំឲ្យមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលភាគីទាំងពីរ បានចុះហត្ថលេខាតាំងពីឆ្នាំ២០០២ ដើម្បីឲ្យឆ្លុះបញ្ចាំងស្ថានភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ព្រមទាំងបង្កើតក្រុមការងាររួមកម្ពុជា-ឥណ្ឌា ដើម្បីពិនិត្យមើលការងារនេះ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោក Suresh Prabhu បានថ្លែងអំណរគុណជូនចំពោះក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងរៀបចំយ៉ាងល្អនូវវេទិកានេះ។ លោក បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ព្រមទាំងកត់សំគាល់ផងដែរថា ប្រទេស CLMV នឹងមានកំណើនរឹតតែលឿនបន្ថែមទៀតនៅថ្ងៃមុខ យោងតាមសក្ដានុពលដែលលោកបានសង្កេតឃើញ។
ជាមួយនឹងសំណើរបស់កម្ពុជា លោករដ្ឋមន្ត្រីបានទទួលយកទាំងស្រុង ព្រមទាំងផ្ដល់នូវជំនួយបន្ថែមទៀតដូចជា ជួយផ្សព្វផ្សាយផលិតផលកម្ពុជា តាមរយៈពិព័រណ៍នានានៅប្រទេសឥណ្ឌា សម្របសម្រួល និងជំរុញការវិនិយោគពីឥណ្ឌាមកកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្ម និងថ្នាំពេទ្យ។
ដើម្បីគាំទ្រលើការជំរុញនេះ លោក Suresh Prabhu បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកាមួយហៅថា Project Development Fund តាមរយៈធនាគារ EXIM Bank របស់ឥណ្ឌា ដើម្បីផ្ដល់ជាប្រាក់កម្ចីដល់ក្រុមហ៊ុនឥណ្ឌា ដែលមានបំណងមកវិនិយោគនៅប្រទេស CLMV។ ក្រៅពីនេះទៀត ក្រសួងពាណិជ្ជកម្មឥណ្ឌាក៏បានសន្យាថានឹងជួយគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
មុននឹងបញ្ចប់ភាគីទាំងពីរក៏បានព្រមព្រៀងពិនិត្យលទ្ធភាពលើការផ្ដួចផ្ដើមឲ្យមានការចុះអនុស្សរណៈយោគយល់គ្នាមួយរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា ដើម្បីសម្របសម្រួលវិស័យឯកជននៃប្រទេសទាំងពីរ ឲ្យចាប់ជាដៃគូសហការជាមួយគ្នានាពេលអនាគត៕