(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក ស៊ុយ រ៉េប្រាប៊ូ (Suresh Prabhu) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោក Suresh Prabhu បានជំរាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឆ្លងកាត់រយៈពេលជាយូរលង់ណាស់មកហើយតាំងពីសម័យដើម រហូតមកដល់សម័យទំនើប។ លោក Suresh Prabhu ក៏បានបញ្ជាក់ពីវត្ថុបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះផងដែរ។
លោក Suresh Prabhu បានបញ្ជាក់ថា ដំណើររបស់លោកមកកាន់កម្ពុជានាពេលនេះ ដើម្បីពិភាក្សាជាមួយប្រទេសទាំងបួនរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)សំដៅស្វែងរកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មផ្សេងៗដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចទាំងមូល ដូចជាវិស័យទេសចរណ៍ ការកែច្នៃ ស្វែងរកទីផ្សារដើម្បីជំរុញការលក់ផលិតផលកសិកម្ម ក៏ដូចជាវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។
ក្រោយបានស្តាប់ពីវត្ថុបំណងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហម្មឥណ្ឌាហើយនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា លោក Suresh Prabhu នឹងធ្វើការជាមួយនឹងអាស៊ាន ពោលពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើការជាមួយបណ្តាប្រទេស CLMV ដើម្បីជួយកាត់បន្ថយម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិកអាស៊ានចាស់ និងសមាជិកអាស៊ានថ្មី។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីវិញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺពិតជាល្អ ដូចដែលលោក Suresh Prabhu បានលើកឡើងខាងលើ ហើយខាងវិស័យសេដ្ឋកិច្ចវិញ ក៏មានសក្តានុពលខ្ពស់ផងដែរ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឥណ្ឌា ជួយជំរុញកម្ពុជា ជាពិសេសកែច្នៃផលិតផលកសិកម្មកម្ពុជា ជួយផ្តល់ទីផ្សារសម្រាប់កសិផលរបស់កម្ពុជាឲ្យបានកាន់តែច្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់ឃើញមានការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌាផងដែរ។ សម្តេចតេជោថា ប្រសិនបើមានការហោះហើរត្រង់មែននោះ កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតជាក់ជាមិនខាន៕