(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋានក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដូចទម្លាប់ដែលលោកឧត្តមសេនីយ៍ ធ្វើតាំងពីនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតផ្លាស់មកជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោកមិនដែលភ្លេចម្តងណាឡើយ ចំពោះការនាំយកអាហារសម្រន់ មកបរិភោគរួមជាមួយប្រជាពលរដ្ឋ ដោយភាពស្និតស្នាល មិនឆ្មើងឆ្មៃ។
សម្រាប់ថ្ងៃនេះ ក៏មានការ៉េម១,០០០ដើម នំប៉័ង១,០០០ ទឹកអំពៅ ទឹកសុទ្ធ ត្រូវបានចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងដែលមកចូលរួម ក្នុងកម្មវិធីគ្រប់ៗគ្នា និងមានក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះមកពិនិត្យសុខភាព ព្រមទាំងបើកថ្នាំព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងកម្មវិធីផ្ទាល់ផងដែរ។
ក្រលេកមើលទៅប្រជាពលរដ្ឋដែលមកចូលរួមទទួលស្វាគមន៍វត្តមានរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ម្នាក់ៗមានទឹកមុខ ញញឹមញញែម សប្បាយរីករាយ ឥតឧបមា ព្រោះរយៈពេលជាង០៤ឆ្នាំមកហើយ ដែលពួកគាត់តែងតែត្រូវបានលោក រ័ត្ន ស្រ៊ាង យកចិត្តទុក្ខដាក់ពីសុខទុក្ខ និងដោះស្រាយរាល់បញ្ហា ជូនពួកគាត់រហូតសូម្បីតែកូនៗពួកគាត់ ដែលនៅតូចៗក៏ស្គាល់លោក រ័ត្ន ស្រ៊ាង ច្បាស់ដែរ។
បន្ទាប់ពីបានទទួលទាននំប៉័ងការ៉េម ទឹកអំពៅ ទឹកសុទ្ធ រួមជាមួយគ្នាប្រកបដោយភាពស្និតស្នាល និងបានឆ្អែតគ្រប់ៗគ្នារួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាប់ផ្តើមសំណេះជាមួយប្រជាពលរដ្ឋ ដោយបង្ហាញពីសុខសន្តិភាព សុវត្ថិភាពភូមិសង្កាត់ និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំគ្នា ទទួលបានការរៀនសូត្រគ្រប់កម្រិត ពីបឋមដល់ឧត្តមសិក្សា ជ្រើសរើមុខរបរ ចិញ្ចឹមជីវិតស្របច្បាប់ បានគ្រប់វិស័យក្នុងសេដ្ឋកិច្ចទីផ្សារសេរី, ធ្វើដំណើរឆ្ងាយជិត ក្នុងនិងក្រៅប្រទេសដោយតាមចិត្តចង់, មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនា និងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ថែរក្សាបាននូវវប្បធម៌និងបេតិកភ័ណ្ឌជាតិ ដូចជាប្រាសាទបុរាណវត្ថុ សិល្បៈចម្លាក់ តន្ត្រី គំនូរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រគ្រប់ទីកន្លែង។ ទាំងអស់នេះហើយ គឺជាអត្តសញ្ញាណនៃជាតិខ្មែរ យ៉ាងពិតប្រាកដ ដូច្នេះជនណា ដែលព្យាយាមយកលទ្ធិបរទេសមកសាប ព្រោះលើប្រជាជាតិខ្មែរ ដើម្បីលប់បំបាត់អត្តសញ្ញាណជាតិខ្មែរ និងប្រឆាំងជាមួយរាជរដ្ឋាភិបាលខ្មែរស្របច្បាប់ នាពេលបច្ចុប្បន្ន គឺជាជនក្បត់ជាតិយ៉ាងពិតប្រាកដ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ដើម្បីឲ្យប្រទេសខ្មែរបន្តរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ព្រមទាំងលើកតម្កើង និងថែរក្សាបាន នូវអត្តសញ្ញាណជាតិខ្មែរ ឲ្យនៅគង់វង្សរ៉ុងរឿងតរៀងទៅ សូមបងប្អូនទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ដាច់ខាតត្រូវតែទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រកាសរៀបរាប់ពីសមិទ្ធផល ដែលលោកបានជួយដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស កន្លងមកជាច្រើន ដូចជាជីកប្រឡាយ ចាក់ផ្លូវបេតុង ជួសជុលសាលាបុណ្យភូមិ ដាក់លូរំដោះទឹកក្នុងភូមិ ធ្វើដេហ្កា ស្តារប្រឡាយ ដោះស្រាយបញ្ហាផ្សេងៗ តាមសំណូមពរ ចាត់ឲ្យក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលអ្នកជំងឺក្រីក្រ តាមភូមិ និងជូនទៅមន្ទីរពេទ្យ ចំពោះអ្នកគ្មានលទ្ធភាព ចូលរួមបុណ្យសពគ្រប់ក្រុមគ្រួសារ ដោយមិនរើសអើងនិន្នាការ។
ព្រមទាំងបានឧបត្ថម្ភអង្ករ ថវិកា ទឹកត្រីទឹកស៊ីអ៊ីវ ដល់ក្រុមគ្រួសារទីទាល់ក្រជួបការលំបាក ជារៀងរាល់ខែមិនដែលខាន ហើយក្នុងឱកាសជួប សំណេះសំណាលថ្ងៃនេះ បងប្អូនដែលមកចូលរួមកម្មវិធី ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូនទឹកក្រូចដបម្នាក់១កេស ថវិកា២ម៉ឺនរៀល ឯក្មេងៗចាប់ពីអាយុ៣ឆ្នាំ ដល់១៨ឆ្នាំ ទទួលបានសម្លៀកបំពាក់កីឡាម្នាក់មួយឈុត និងមានបាល់ទាត់ បាល់ទះចំនួន២០គ្រាប់ ប្រគល់ជូនមេភូមិសម្រាប់បំផុសចលនាកីឡា ដល់ស្រទាប់យុវវ័យ និងកុមារផងដែរ៕