(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងខណ្ឌ សែនសុខ ឲ្យមកទទួលសេវាពិនិត្យព្យាបាលជំងឺទូទៅ នៅមណ្ឌលសុខភាព ឃ្មួញ នៅសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានគ្រូពេទ្យឯកទេសពីប្រទេសចិន ចំនួន១៣នាក់ចូលរួមផងដែរ ក្នុងការមកពិនិត្យព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០១៨ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភានេះទៀតថា «នៅថ្ងៃស្អែកនេះ រថយន្ដគ្លីនិកចល័ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន យើងនឹងយកទៅប្រើប្រាស់តែម្ដងនៅមណ្ឌលសុខភាពឃ្មួញ ហើយព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋយើង ដូចនេះសូមបងប្អូនយើង មកទទួលសេវាព្យាបាលនេះ ឲ្យបានគ្រប់ៗគ្នា» ។
រថយន្តគ្លីនិកចល័តនេះ ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យ មានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារៈបរិក្ខារពេទ្យទាំងអស់។
សូមជម្រាបថា រថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ក្នុងចំណោមរថយន្តគ្លីនិកចល័ត៤០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភាកន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត ហើយគ្លីនិកចល័តទាំងនេះ ក៏ត្រូវបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១១រួចហើយ នៅព្រឹកមិញនេះ ៕