(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមរបស់អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារ ពាក់ព័ន្ធទាំងអស់ក្រោម ចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានបង្ហាញថា ក្នុងខែមេសា ឆ្នាំ២០១៨នេះ លទ្ធផលប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៩២.៧១ពាន់លានរៀល (ប្រមាណជា១៤៨.១៧លានដុល្លារអាមេរិក) ស្នើនឹង៧.៧% នៃផែនការច្បាប់។ ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែមេសា ឆ្នាំ២០១៧ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែមេសា ឆ្នាំ២០១៨ កើនឡើងចំនួន ៧០.៧២ពាន់លានរៀល (ប្រមាណ ១៧.៦៨ លានដុល្លារអាមេរិក) ស្មើនឹង ១៣.៥៥%។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា សរុប៤ខែដើមឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន ៣,៦៣៨.៣១ពាន់លានរៀល (ប្រមាណ៩០៩.៥៧លានដុល្លារអាមេរិក) ប្រមាណជា ៤៧.២៩% នៃផែនការកំណត់ដោយច្បាប់។ ប្រសិនបើប្រៀបធៀបនឹង ៤ខែដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុង៤ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន ៣៨៩.៩៦ពាន់លានរៀល (ប្រមាណ ៩៧.៤៩លានដុល្លារអាមេរិក) ស្មើនឹង១២.០១%។
លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមាឬមិនឱ្យអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
* បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត សម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។
* ប្រកាស ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធតាមដានឯកសារ (Document Tracking System) ទូទាំងគ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅពង្រឹងការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ដោយផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដឹងពីស្ថានភាព នៃឯកសារដែលពួកគាត់បានដាក់ចូលមកអគ្គនាយកដ្ឋានពន្ធដារ។
* បន្តពង្រឹងការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ឱ្យកាន់តែប្រសើរឡើងថែមទៀត។
* បន្តពង្រឹងនិងផ្តោតការយកចិត្តទុកដាក់ លើការទប់ស្កាត់ការផ្ទេរថ្លៃ ដោយពង្រឹងការអនុវត្តវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម ក្នុងចំណោមបុគ្គលទាក់ទិន។
* បន្តពង្រឹងចាត់វិធានការចំពោះការគេចវេះពន្ធគ្រប់រូបភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ពន្ធ ចំពោះក្រុមហ៊ុនដែលប្រកាសបង់ពន្ធមិនស្មោះត្រង់ ឬគេចវេះពន្ធតាមគ្រប់រូបភាព
* ពង្រឹងការចាត់ចែងលិខិតប្រកាស និងការពង្រឹងបន្ថែមទៀតលើការកាត់កង ឥណទានអាករលើតម្លៃបន្ថែម VAT Cross Check។
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន។
* ពង្រឹងការគ្រប់គ្រងប្រមូលបំណុលពន្ធ ដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ និងពង្រឹងការយកចិត្តទុកដាក់ពង្រឹងការធ្វើសវនកម្ម ចំពោះសហគ្រាសធំៗ ដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ចំណូលពន្ធ ដោយសារតែប្រកាសបង់ពន្ធក្នុងកម្រិតទាប មិនឆ្លើយតបនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន ឬប្រកាសខាតជាច្រើនឆ្នាំ៕