(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣៣នាក់បានស្លាប់ និងគោ-ក្របីអ្នកស្រុក៤០ក្បាលបានងាប់ ដោយសាររន្ទះបាញ់ នៅដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News នៅរសៀលទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក កែវ វី បានបញ្ជាក់ថា ដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន៨០៦ខ្នង និងមានរន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន៣៣នាក់ និងងាប់គោ-ក្របីចំនួន៤០ក្បាល។
លោក កែវ វី បានឲ្យដឹងថា «គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខ្យល់កន្ត្រាក់កើតមាន៣៩លើក នៅមូលដ្ឋានខេត្តចំនួន១៦, ការខូចខាតមានផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន២៥២ខ្នង, ផ្ទះដែលរបើកដំបូល និងខូចខាតមធ្យមចំនួន៥៥៤ខ្នង សរុប៨០៦ខ្នង, ខូចដំបូលសាលារៀន៤អគារ និងអគារផ្សេងៗ២អគារ, ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរងគ្រោះ១៧នាក់»។
មន្រ្តីដដែលរូបនេះ បានបន្តថា គ្រោះថ្នាក់ដោយសាររន្ទះបាញ់នៅឆ្នាំនេះ មានលក្ខណៈកាចសាហាវជាងឆ្នាំមុន ដោយគិតត្រឹមតែ២០ថ្ងៃ នៃខែឧសភានេះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៣៣នាក់ ក្នុងនោះស្រី៨នាក់, របួស២៤នាក់, ងាប់គោ-ក្របីចំនួន៤០ក្បាល និងខូចផ្ទះ៧ខ្នងផងដែរ។
ចំពោះគ្រោះទឹកជំនន់វិញ លោក កែវ វី បានបញ្ជាក់ថា មានផលប៉ះពាល់ខ្លាំងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានរហូតដល់៧០០ហិកតា ដែលបណ្តាលមកពីទឹកភ្លៀង។
លោកបន្តថា ខាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងតែស្វែងរកពូជស្រូវ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ និងបង្វែរទឹកជំនន់ទាំងនោះ ដើម្បីទៅកន្លែងណាដែលអាចស្រកលឿន ឬក៏បង្វែរទៅកន្លែងប្រព័ន្ធធារាសាស្ត្រតូចធំជាដើម៕