(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបដិសេធទទួលយកបញ្ជីឈ្មោះ អ្នកសារព័ត៌មានកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមធ្វើជា សាក្សីក្នុងប្រពឹត្តិការណ៍បិទ ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) បានគូសបញ្ជាក់ដូច្នេះថា «ភាគីកូរ៉េខាងត្បូង បានព្យាយាមបញ្ជូនបញ្ជីឈ្មោះក្រុមអ្នកសារព័ត៌មាន ដែលនឹងត្រូវចូលរួមធ្វើជាសាក្សីក្នុងក្នុងព្រឹត្តិការណ៍បិទ ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) របស់កូរ៉េខាងជើង តាមរយៈខ្សែទូរស័ព្ទបន្ទាន់នៅឯតំបន់ព្រំដែន Panmunjom។ ក៏ប៉ុន្តែខាងភាគីទីក្រុងព្យុងយ៉ាង នៅតែបន្តបដិសេធបញ្ជីឈ្មោះនេះ»។
គួរបញ្ជាក់ថា បើតាមការគ្រោងទុកកូរ៉េខាងជើង នឹងរៀបចំពិធីបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri ពីថ្ងៃពុធរហូតដល់ ថ្ងៃសុក្រសប្ដាហ៍នេះ។ កូរ៉េខាងជើង បានអញ្ជើញអ្នកសារព័ត៌មានមកពីចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងកូរ៉េខាងត្បូង ឱ្យមកចូលពិធីបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនេះ ជាទីដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ០៦ លើក។ យ៉ាងណាក៏ដោយ ក្រុងព្យុងយ៉ាងមិនបានបញ្ជាក់មូលហេតុនៅឡើយទេ ប៉ុន្តែការបដិសេធនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងលុបចោលជំនួបជាមួយកូរ៉េខាងត្បូង ដោយសារតែសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន៕