(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រី នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំក្រុងសិរីសោភ័ណ រួមជាមួយក្រុមយុវជន ស.ស.យ.ក បាននាំយកអំណោយរបស់លោក ស សុខា អនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា «ស.ស.យ.ក» ទៅចែកជូនពលរដ្ឋ ចំនួន២គ្រួសារ ក្នុងនោះចូលនិវត្តន៍១គ្រួសារ និងជាមេភូមិ១គ្រួសារ ដែលគាត់មានជំងឺលើសឈាម ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក នួម សុភ័ណ បានថ្លែងថា នេះជាការចូលរួមចំណែក ក្នុងការយកចិត្តទុកដាក់ជួយគិតគូរដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងខេត្ដបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្តិភាពរក្សាបានសុវត្ថិភាព សន្តិសុខសង្គម ដែលជាកត្តាដ៏សំខាន់ណាស់បានជំរុញ ឱ្យប្រទេសជាតិ មានការអភិវឌ្ឍយ៉ានលឿនលើគ្រប់ វិស័យជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកស្រី បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញគឺនៅតែបន្តផ្តោតសំខាន់ លើការបណ្តុះបណ្តាលធនធាន មនុស្ស ភ្លើង ផ្លូវនិងទឹកដែលជាចំណុចអាទិភាព ហើយប្រមុខ រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែនៅជាមួយប្រជាពលរដ្ឋ ចូលរួមចំណែកដោះស្រាយបញ្ហា លំបាកជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្រោមក្រសែភ្នែកដែលពោរពេញដោយការសប្បាយរីករាយនឹងទឹកភ្នែករលីងរលោងផងនោះតំណាងក្រុមគ្រួសារនិវត្តន៍ និងក្រុមគ្រួសារមេភូមិ បានធ្វើការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនឹងដឹងគុណចំពោះ ដល់លោកស្រី នួម សុភ័ណ រួមជាមួយថ្នាក់ដឹកនាំ ដែលបាននាំអំណោយ
និងសួរសុខទុក្ខដល់គ្រួសាររបស់ពួកគាត់ផងដែរ។
អំណោយជូនប្រជាពលរដ្ឋទាំង២គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្គរ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ឋ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១ឡូ, បីចេង១ថង និងសម្រាប់ថវិកាគ្រួសារចូលនិវត្តន៍ទទួលបាន៩០ម៉ឺនរៀល និង១គ្រួសារទៀត ទទួលបាន៦០ម៉ឺនរៀលផងដែរ៕