(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (India-CLMV) លើកទី៥ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា ឥណ្ឌាចង់យកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលមួយផលិតម្ហូបអាហារនាំចេញទៅកាន់ប្រទេសរបស់ខ្លួន។
ថ្លែងប្រាប់ក្រុមយកព័ត៌មាន នៅក្នុងកិច្ចជំនួបពាណិជ្ជកម្ម India-CLMV នោះ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា កន្លងមកមានក្រុមហ៊ុនឥណ្ឌាមួយចំនួន បានមកផលិតស្ករអំពៅ និងចំណីអាហារជាបណ្ដើរៗហើយ។ ក្នុងនោះផងដែរ ក៏មានប្រទេសឥស្លាម បានមកផលិតហាឡាល (Halal Food) នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ដទៀតថា «យើងត្រូវត្រៀមទទួលពួកគាត់ នូវធនធានមនុស្ស ពីព្រោះវាជារឿងមួយសំខាន់ណាស់ មិនអាចខ្វះបាននោះទេ ព្រោះសព្វថ្ងៃ យើងឃើញថាមានក្រុមហ៊ុន ជប៉ុន ដែលមកវិនិយោគនៅកម្ពុជា គឺគាត់មកបណ្ដុះបណ្ដាលធនធានមនុស្ស រោងចក្ររបស់គាត់ផ្ទាល់តែម្ដង»។
លោកឧកញ៉ាបានបន្ថែមទៀតថា ដូច្នេះអ្វីដែលត្រូវត្រៀម គឺត្រូវបណ្ដុះបណ្ដាលធនធានមនុស្ស និងទឹក ភ្លើង ដើម្បីធ្វើយ៉ាងណា ឲ្យវាមានតម្លៃថោក ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម។ ដោយឡែកចំពោះកម្លាំងពលកម្ម មិនមានបញ្ហានោះទេ ព្រោះកម្ពុជាមានកម្រិតតម្លៃសមរម្យ សម្រាប់ពួកគេមកវិនិយោគបាន។
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាជំនួបធុរកិច្ចឥណ្ឌា-កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នេះគឺជាការបានរួមចំណែកដល់ការចរចា សម្រាប់ការធ្វើការចរចាពាណិជ្ជកម្ម រវាងអាស៊ាន និងឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វេទិកានេះបាននាំមកនូវលំហូរ នៃការវិនិយោគផ្ទាល់ពីឥណ្ឌា មកអាស៊ានទាំងមូល ពី០.៩៦ ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០១៥ ទៅដល់១.០៥ ប៊ីលានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០១៦ ជាមួយនឹងកំណើន៩.៤%។
សូមជម្រាបថា កិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី៥ ធ្វើឡើងរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨៕