(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសផ្លាស់ប្ដូរស្លាកសញ្ញាថ្មី (LOGO) ពីពណ៌បៃតងក្រម៉ៅ ទៅក្រហម ដែលការផ្លាស់ប្ដូរនេះ ធ្វើឡើងដើម្បីទាក់ទាញ និងសមស្របទៅតាមការស្រឡាញ់របស់អតិថិជន។
លោក ញ៉ុង ឌីនថន អគ្គនាយករង ក្រុមហ៊ុនទូរស័ព្ទចល័ត Meftone បានឲ្យដឹងថា ការសម្រេចផ្លាសប្ដូរស្លាកសញ្ញានេះ ព្រោះពណ៌ក្រហមនេះ នឹងមានភាពទាក់ទាញខ្ពស់ និងតំណាងឲ្យភាពស្វាហាប់ រឹងមាំ ដូច្នេះហើយក្រុមហ៊ុនរំពឹងខ្ពស់ថា ស្លាកសញ្ញាថ្មីនេះ នឹងទទួលបានការគាំទ្រ ច្រើនពីសំណាក់អតិថិជនកាន់តែខ្លាំងៗ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ បន្ទាប់ពីប្ដូរស្លាកសញ្ញា ក្រុមហ៊ុនក៏នឹងផ្ដល់ជូននូវសេវាកម្មថ្មីៗជាច្រើនជូនអតិថិជនផងដែរ។
លោកបានបន្ដទៀតថា សម្រាប់ការផ្លាស់ប្ដូរស្លាកសញ្ញានេះ គឺផ្លាស់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដោយឡែកនៅតាមបណ្ដាប្រទេសផ្សេងៗទៀតមិនមាន ការផ្លាស់ប្ដូរស្លាកសញ្ញានោះឡើយ។
ជាមួយគ្នានេះ ក្រុមហ៊ុន metfone ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ4.5G ជាផ្លូវការ ដែលប្រព័ន្ធនេះត្រូវបានគេស្គាល់ផងថាជា LTE Advance Pro ចុងក្រោយបំផុតលើផ្លូវរួមជាមួយនឹងការវិវត្តន៍ទៅនឹងបច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ប្រព័ន្ធ4.5G នេះ នឹងធ្វើឲ្យអតិថិជនរីករាយជាមួយល្បឿនអ៊ីធើណេតលឿនជាងមុន១០ដង បើប្រៀបនឹងបណ្ដាញ4G៕