(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវម្តងទៀត ដល់អាជ្ញាធរមូលដ្ឋានទាំងអស់នៅកម្ពុជា ឱ្យជួយសម្របសម្រួលដល់គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋាន ស្របពេលដែលការបោះឆ្នោតជិតចូលមកដល់។
ការអំពាវនាវជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយកន្លងមកថា អាជ្ញាធរនៅខេត្តមួយចំនួន បានរារាំងដល់សកម្មភាពរបស់គណបក្សនយោបាយនៅតាមមូលដ្ឋាន ដែលធ្វើឱ្យគណបក្សផ្សេងៗរិះគន់ថា អាជ្ញាធរបានអនុវត្តការងារលម្អៀងរវាងគណបក្សពួកគេ និងគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវប្រវែង ១៣៥.២៤ គ.ម នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម ខេត្តកណ្ដាល ដល់ ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ ការចុះឈ្មោះចូលរួមក្នុងការបោះឆ្នោត និងដាក់បេក្ខជន បានធ្វើរួចរាល់ហើយ ដោយមានគណបក្សនយោបាយចំនួន១៥ ត្រូវបានទទួលស្គាល់ដោយគ.ជ.ប និង៥ទៀតកំពុងពិនិត្យ។
សម្តេចថ្លែងថា៖ «ខ្ញុំអំពាវនាវសារជាថ្មី មុននេះគឺអំពាវនាវមុនការបោះឆ្នោត ដែលពេលនេះតម្រូវការនេះការផ្តិតមេដៃ តម្រូវការបញ្ជាក់នេះ បញ្ជាក់នោះ ឱ្យអាជ្ញាធរជួយសម្រួល ដើម្បីឱ្យបណ្តាបក្សនយោបាយចុះឈ្មោះទាន់ពេលវេលា តែពេលនេះបណ្តាបក្សនយោបាយ គេនឹងទៅជួបសកម្មជន និងអ្នកគាំទ្ររបស់គេ នៅតាមកន្លែងនានា ក៏ត្រូវបង្កលក្ខណៈឱ្យគេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គណបក្សនយោបាយទាំងអស់ មានសិទ្ធិក្នុងការសំណេះសំណាលជាមួយអ្នកគាំទ្រ និងសមាជិករបស់ពួកគាត់ ទោះបីជាមិនទាន់ដល់រដូវឃោសនាបោះឆ្នោតក៏ដោយ ដូច្នេះសម្តេចសំណូមពរកុំឱ្យអាជ្ញាធរបង្កជាឧបសគ្គដល់អ្នកនយោបាយទាំងនោះ។ សម្តេចបានបន្តថា ទោះបីជាអាជ្ញាធរជាច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជាក៏ដោយ ប៉ុន្តែការធ្វើការងារ គឺធ្វើឡើងក្នុងតួនាទីរបស់រដ្ឋ ដែលមិនត្រូវឱ្យមានឧបសគ្គដល់គណបក្សនយោបាយដទៃឡើយ។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចូលរួមច្រើនជាងអាណត្តិមុនផងដែរ៕