(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក លឹម គានហោ ប្រធានក្រុមការងារចុះជួយស្រុកពញាឮ អមដំណើរដោយ លោក តាន់ ម៉េងលាង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពីស្រុកពញាឮ ខេត្តកណ្តាល ចំនួន៤០៨នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឡើងនៅក្នុងទីស្តីការក្រសួងធនធានទឹក។
បន្ទាប់ពីបាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវ ឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមកដូចបងប្អូនក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនោះ ត្រូវជឿជាក់ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។
នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ដែលបានខិតខំដោះស្រាយប្រាក់បេឡាមរណសង្គ្រោះ និងធានារ៉ាប់រង សង្គមជូនគ្រួសារសព បានទាន់ពេលវេលា ព្រមទាំងបានធ្វើបច្ចុប្ប្ននភាព សមាជិករកឃើញអ្នកទ័លក្រអត់ដីអត់ផ្ទះ១៩គ្រួសារ មានដីអត់ផ្ទះ១០គ្រួសារ និងអ្នករស់នៅលើដីសាធារណៈ២គ្រួសារ ចំពោះអ្នកអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈត្រូវបាននាយឧត្តមសេនីយ៍ ណែនាំឲ្យសមាគមថ្នាក់ស្រុក ធ្វើការសាកសួរជាក់ស្តែង បើបងប្អូនព្រមទៅនៅខេត្តកំពង់ឆ្នាំង ឬឧត្តរមានជ័យ ហើយនឹងដោះស្រាយជូន ព្រោះនៅទីនោះមានដីសម្បទានសង្គមកិច្ច។ ដោយឡែកអ្នកមានដីអត់ផ្ទះ១០គ្រួសារ នាយឧត្តមសេនីយ៍នឹងគោរពសុំឈើពីសម្តេចតេជោ និងស្នើសុំ លោក លឹម គានហោ ជួយថវិកាទិញសង្ក័សី ដែកគោល ដើម្បីសាងសង់ផ្ទះជូន។
ដើម្បីអបអរខួបលើកទី១១ ទិវាអតីតយុទ្ធជន នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ និងអាជ្ញាធរគ្រប់ថ្នាក់ ដែលជាប្រធានកត្តិយស នៅតាមបណ្តាថ្នាក់ ត្រូវបន្តការគិតគូរពីសុខទុក្ខរបស់បងប្អូនសមាជិក និងអនុវត្តឲ្យបានល្អតាមសារាចររបស់ រាជរដ្ឋាភិបាល ស្តីពីការប្រារព្ធខួបលើកទី១១ ទិវាអតីតយុទ្ធជន។
ជាមួយគ្នានេះ លោក លឹម គានហោ បានសម្តែងការដឹងគុណ និងគោរពនូវវីរភាពរបស់ បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ ការលះបង់របស់បងប្អូនយើងនៅពេលនោះ គឺជាគំរូដ៏អង់អាចក្លាហាន សម្រាប់អ្នកជំនាន់ក្រោយ អនុវត្តន៍តាម និងសុំឲ្យសមាជិកបន្តនូវវីរភាពនេះជាបន្តទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ។
ជាចុងក្រោយ លោក លឹម គានហោ បានសម្រេចជូនថវិកាទិញស័ង្កសី និងដែកគោល សម្រាប់សាងសង់ផ្ទះទាំងអ្នកមានដីអត់ផ្ទះ និងអ្នកអត់ដីអត់ផ្ទះ ដែលព្រមទៅនៅខេត្តកំពង់ឆ្នាំង ព្រមទាំងបានផ្តល់រថយន្តមួយគ្រឿង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបម្រើការសកម្មភាពសមាគម។
លោក ស សារិន យោធិនពិការ រស់នៅភូមិតាពៅឃុំកោះចិន និងលោក លៀម នី យោធិនពិការ រស់នៅភូមិកំពប់ ឃុំទន្លាប់ធំ ស្រុកពញាឮ បានសំដែងក្តីរីករាយ ដែលត្រូវបានបំពាក់មេដាយនៅក្នុងថ្ងៃនេះ បានឲ្យដឹងថា ក្រៅពីសម្តេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា គ្មានក្រុមបក្សណាផ្សេងគិតដល់ពួកគាត់ទេ ហេតុនេះពួកគាត់ទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីគាំទ្រសម្តេច ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
ដោយឡែក លោកស្រី សុង ភណ្ឌ ជាគ្រួសារសពជនពិការ ឈ្មោះ ទួត ទី នៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំសមាគមថ្នាក់ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់ខ្នះខ្នែង ជួយរៀបចំពិធីបុណ្យសពប្តីគាត់ ដោយមានអាជ្ញាធរដែនដីឃុំ ស្រុក កងកម្លាំងទាំងបីមកចូលរួម និងលិខិតរំលែកទុក្ខរបស់សមាគម និងមានការមកចូលរួមបុណ្យពីសមាជិក ព្រមទាំងទទួលបានប្រាក់បេឡាមរណសង្គ្រោះទាន់ពេលវេលា៕