(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចជំនួបធរុកិច្ច ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (India-CLMV) លើកទី៥ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា វេទិកាធុរកិច្ច India-CLMV នេះ ជាផែនការចង្អុលផ្លូវយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច រវាងឥណ្ឌា និងប្រទេស CLMV។
វេទិកាធុរកិច្ច India-CLMV លើកទី៥នេះ បានបើកជាផ្លូវការ ក្រោមវត្ដមាន ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរួមពី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ប្រតិភូមន្ដ្រីជាន់ខ្ពស់ និងវិស័យឯកជនមកពី ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ។
ក្នុងកិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា «ខ្ញុំយល់ថា វេទិកាធុរកិច្ច India-CLMV នេះ ជាផែនការចង្អុល ផ្លូវយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច រវាងឥណ្ឌា និងប្រទេស CLMV»។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈពេលជាង២ទស្សវត្សកន្លងមក កម្ពុជាធានាបាននូវអាត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧% ដែលបានប្រែក្លាយកម្ពុជាពីប្រទេស ដែលមាន «ចំណូលទាប» ទៅជាប្រទេសដែលមាន «ចំណូលមធ្យមកម្រិតទាប»។
លោកថា ប្រធានបទនៃវេទិកានេះ មានសារៈសំខាន់ណាស់ សម្រាប់សមាហរណកម្ម បណ្ដាប្រទេស CLMV ទៅក្នុងអាស៊ាន ក៏ដូចជាមួយឥណ្ឌា និងប្រទេសនានា ក្នុងតំបន់ ដែលជាទិសដៅចំបង របស់ប្រទេស CLMV តាំងពីប្រទេសទាំងនេះ ចូលជាសមាជិកអាស៊ាន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា «ខ្ញុំរំពឹងថា នឹងមានការចូលរួមយ៉ាងសកម្ម ដើម្បីផ្ដល់វិភាគទានដ៏មានតម្លៃ ដល់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច របស់បណ្ដាប្រទេស CLMV ជាមួយឥណ្ឌា ដើម្បីការរីកចម្រើន ប្រកបដោយចីរភាព សម្រាប់សមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់»។
លោកលើកឡើងថា ចំពោះការប្រឈមជាមួយ នឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃបរិយាកាសនយោបាយ និងសេដ្ឋកិច្ច កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការ សហការជាមួយប្រទេសឥណ្ឌា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចាប់យកកាលានុវត្ដភាព មកអនុវត្ដន៍ឲ្យអស់ពីលទ្ធភាព សម្រាប់អភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសនីមួយៗ និងនៅក្នុងតំបន់ទាំងមូល។
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ឥណ្ឌា ក្រោមកិច្ចសហការជាមួយប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម បានរៀបចំវេទិកា ជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ ភូមា និងវៀតណាម ប្រកបដោយជោគជ័យចំនួន៤ដង រួចមកហើយ នៅសាធារណឥណ្ឌា ដែលមានប្រធានបទ និងកាលបរិច្ឆេទ រួមមាន៖
លើកទី១៖ ត្រូវបានរៀបចំ ចាប់ពីថ្ងៃទី២១-២២ ខែតុលាឆ្នាំ ២០១៣ ដែលផ្តោតលើការបង្កើតឱកាសសេដ្ឋកិច្ចថ្មី នៅទីក្រុងញូវដេលី នៃសាធារណរដ្ឋឥណ្ឌា។
លើកទី២៖ បានប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៤ ដោយផ្តោតលើ «ការចូលរួមសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា៖ មាគ៌ាឆ្ពោះទៅមុខ» នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា។
លើកទី៣៖ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០១៦ ដែលផ្តោតលើ «ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឥណ្ឌា-កម្ពុជា ឡាវ ភូមា និងវៀតណាម ប្រកបដោយជោគជ័យ៖ ការបង្កើតចង្វាក់តម្លៃក្នុងតំបន់» នៅក្នុងរដ្ឋ Tamil Nadu នៃសាធារណរដ្ឋឥណ្ឌា។
និងលើកទី៤៖ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មសេដ្ឋកិច្ច រវាងឥណ្ឌា និងកម្ពុជា ឡាវ ភូមា និងវៀតណាម៖ មាគ៌ាឆ្ពោះទៅរក ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព» នៅ Jaipur, Rajasthan សាធារណរដ្ឋឥណ្ឌា។
សូមបញ្ជាក់ថា កិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី៥ ធ្វើឡើងរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨, កម្ពុជាត្រូវបាន ធ្វើជាម្ចាស់ផ្ទះ ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលលើកទី៤ ធ្វើនៅទីក្រុងចាពួរ នៃសាធារណរដ្ឋឥណ្ឌា កាលពីដើមឆ្នាំ២០១៧៕