Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ះពាល់សុខភាព! មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទំនិញតិចតួច ហួសកាលបរិច្ឆេទ លក់ក្នុងផ្សារកំពង់ពពិល

21-05-2018 14:29

(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែងដឹកនាំលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម នគរបាលប៉ុស្តិ៍ គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

លោក អ៊ុត សុភាព បានឲ្យដឹងថា នៅក្នុងការត្រួតពិនិត្យទំនិញ នៅក្នុងផ្សារកំពង់ពពិលនេះ ក្រុមការងារបានធ្វើការណែនាំ អំពីអនាម័យ ដល់អាជីវករលក់ ត្រី សាច់ បន្លែ និងណែនាំ អំពីរបៀបដាក់ តាំងលក់ដល់អាជីវករ លក់ថ្នាំគីមី កសិកម្ម ឲ្យតាំងលក់ដាច់ដោយឡែក ពីគ្រឿងបរិភោគ និងណែនាំដល់អាជីវករលក់ឡេលាយ ដែលពុំមានផ្លាកសញ្ញាត្រឹមត្រូវផងដែរ។

លោកបន្ដថា ក្រុមការងារ បានធ្វើតេស្តបឋមរកសារធាតុគីមីទៅលើ ណែមត្រី, ជ្រក់, និងគ្រឿងសមុទ្រ ជាលទ្ធផលរកពុំឃើញមានវត្តមានសារធាតុគីមីឡើយ តែក្រុមការងារ បានរកឃើញទំនិញ ខូចគុណភាព ហួសបរិច្ឆេទប្រើប្រាស់ចំនួន ១៥,៥ គីឡូក្រាម ដោយបានធ្វើកំណត់ដកហូត ទុកកំទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹង អំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕