(ភ្នំពេញ)៖ ហាងនំពងមាន់យីហោ «អាម៉ា» ដែលមានឈ្មោះល្បីល្បាញ និងមានកំណើតចេញមកពីប្រទេសម៉ាឡេស៊ី បានបើកសម្ពោធលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាណិជ្ជកម្ម មកពីស្ថាប័ននានា ជាច្រើននាក់។
យោងតាមអ្នកគ្រប់គ្រងហាងនំពងមាន់ អាម៉ា (Ah Mah) ប្រចំាប្រទេសកម្ពុជា លោក រីយ៉ាន តាន់ (Ryan Tan) បានថ្លែងថា «គោលបំណងរបស់យើង ក្នុងការពង្រីកសាខាហាងនំពងមាន់អាម៉ា (Ah Mah) នៅប្រទេសកម្ពុជានេះ គឺពួកយើងចង់ឲ្យប្រជាជនកម្ពុជា បានភ្លក្សរសជាតិ នំពងមាន់ទន់ឈ្ងុយឆ្ងាញ់ និងជាពិសេសរសជាតិមួយ ដែលអាចធ្វើអាចអ្នកញុំា នឹកដល់នំដែលធ្វើ ដោយលោកយាយរបស់ពួកគេ ដែលតែងតែពោរពេញ ដោយក្តីស្រឡាញ់។
ទន្ទឹមនឹងនេះក្រុមរាំ OMG បាននំាលោកយាយជាទីស្រឡាញ់ មកចូលរួមក្នុងកម្មពិធីដ៏ពិសេសនេះ ដោយក្នុងនោះ ពួកគាត់បានចូលរួមចែករំលែក នូវអនុស្សាវរីយ៍ជាច្រើនរបស់ ពួកគាត់ និងបញ្ចុកនំ «អាម៉ា» ឲ្យគ្នាទៅវិញទៅមកផងដែរ។
លោក រីយ៉ាន តាន់ បានបន្តទៀតថា ហាងនំអាម៉ា ក៏មានលក់នូវកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងភេសជ្ជៈផ្សេងៗ សម្រាប់អតិថិជនពិសារជាមួយនំ ព្រមទាំងមានកន្លែងអង្គុយ ប្រកបដោយផាសុកភាព ដែលលោកអ្នកអាចមកអង្គុយធ្វើការ ឬក៏ណាត់ជួបជាមួយមិត្តភក្តិ បានយ៉ាងងាយស្រួល។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនទាំងអស់អាចមើលឃើញនូវសិល្បៈ ក្នុងការផលិតនំអាម៉ា តាមរយៈចង្រ្កានដែលព័ទ្ធដោយកញ្ចក់ជុំវិញ និងធានានូវស្តង់ដារបរិស្ថាន និងអនាម័យល្អ។
ដើម្បីអបអរសាទរការសម្ពោធហាងថ្មី ហាងនំពងមាន់អាម៉ាបានផ្តល់ជូន កម្មវិធីប្រម៉ូសិន ពិសេសទិញ១ថែម១ដល់អតិថិជន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៧ ខែឧសភា ២០១៨។
នំពងមាន់ អាម៉ា (Ah Mah) មានបួនរសជាតិ គឺនំពងមាន់រសជាតិដើម, រសជាតិឈីស, រសជាតិស្លឹកតយ និងរសជាតិសូកូឡា តម្លៃចាប់ពី ៦.៩៩ដុល្លា ដល់៩.៩៩ដុល្លា។ នំពងមាន់អាម៉ា ទន់ ឈ្ងុយឆ្ងាញ់ប្រៀបដូចជាការឱបថ្នាក់ថ្នម របស់លោកយាយ!។
សូមបញ្ជាក់ថា ហាងនំពងមាន់ ដែលមានឈ្មោះថា «អាម៉ា» បានចាប់ផ្តើមបង្កើតឡើង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅក្នុងប្រទេសម៉ាឡស៊ី ដែលបានពង្រីកសាខា ចំនួន២០កន្លែង រួចបន្តមកបើកសាខាដំបូង នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៧ និងបានពង្រីក ដល់ទៅ១៤សាខា ដែលរក្សានៅក្នុងស្តង់ដារ និងភាពពេញនិយម សម្រាប់ប្រជាជន ក្នុងស្រុក៕