(កំពង់ឆ្នាំង)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន សែន បានបង្ហាញមោទនភាពថា ​ក្នុងនាមជាអ្នកកាន់ចង្កូតប្រទេសរយៈពេល​៣៣ឆ្នាំមកនេះ សម្តេចមិនដែលបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់នោះទេ ពោលមានតែទាញប្រជាពលរដ្ឋចេញពីអន្លង់នៃគ្រោះថ្នាក់។

ការបង្ហាញមោទនភាពនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រជាពលរដ្ឋគោរព ស្រលាញ់ ហើយបន្ដជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា ​«តៃកុងឡានមួយនេះ បានបើកបររថយន្ដនេះ រយៈពេលជិត៤០ឆ្នាំ ឬនៅក្នុងមុខតំណែង ដែលបើកបរជានាយករដ្ឋមន្ដ្រី ៣៣ឆ្នាំហើយ មិនទាន់ធ្វើឲ្យមនុស្សគ្រោះថ្នាក់ទេ ទាញមនុស្សចេញពីតំបន់ គ្រោះថ្នាក់ឲ្យមកកាន់តំបន់សុវត្ថិភាពអស់ហើយ»

បុរសដែលហ៊ានយកជីវិតទៅប្ដូរ​ដើម្បីតែសុខសន្ដិភាពរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា រហូតបាត់បង់កែវមួយចំហៀងរូបនេះ បានលើកជាឧទាហរណ៍ថា ​អ្នកខ្លះបានលើកឡើងថា តៃកុងឡានមានភ្នែកតែមួយចំហៀង គឺគ្រោះថ្នាក់ខ្លាំងណាស់នៅពេលបើកបរ ប៉ុន្ដែសម្ដេចបញ្ជាក់ត្រឡប់ទៅវិញយ៉ាងច្បាស់ថា ថ្វីត្បិតតែពិកាភ្នែកមួយចំហៀង ប៉ុន្ដែតៃកុងម្នាក់នេះមិន ដែលឲ្យអ្នករួមដំណើរគ្រោះថ្នាក់ម្ដងណានោះទេ។

បន្ថែមពីនេះសម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងនៅបន្ដចូលរួមចំណែកថែរក្សានូវសុខ សន្ដិភាព ដែលកំពុងមានរាល់ថ្ងៃនេះ ជារៀងរហូតតទៅ ដើម្បីអាចមានឱកាសប្រកបមុខរបរ បំពេញការងារដែលកំពុងមាន នាពេលបច្ចុប្បន្ននេះបាន ហើយបន្ដគាំទ្រសម្ដេចជានាយករដ្ឋមន្ដ្រី។

សម្ដេចតេជោ ​ហ៊ុន សែន ​បានប្រកាសជាថ្មីម្ដងទៀតថា សម្ដេចមានចេតនាដឹកនាំនាវាកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ដ្រីដូចសព្វថ្ងៃនេះ រយៈពេល១០ឆ្នាំបន្ដទៀត ព្រោះសម្ដេចនៅមានការងារជាច្រើនទៀត ដែលធ្វើបន្ដសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកអំពីតម្លៃនៃសន្ដិភាព និងការអភិវឌ្ឍន៍ ដែលកំពុងមានសព្វថ្ងៃនេះផងដែរ ព្រោះបើគ្មានសន្ដិភាពនោះទេ កុំនិយាយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យសោះ ហើយក៏គ្មានការអភិវឌ្ឍន៍ណា ដែលកើតក្នុងផ្ទៃប្រទេសដែលមានសង្គ្រាមនោះទេ៕​

​​​