(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំមួយស្ដីអំពី «ការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល ២០១៩-២០២១» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាក្រសួងមហាផ្ទៃ។
កិច្ចប្រជុំពិភាក្សានេះគឺជាកម្មវិធី ត្រូវបានធ្វើឡើងដោយមានការចូលរួមពី តំណាងបណ្ឌិត្យសភានគរបាលកម្ពុជា និងតំណាងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ឯម សំណាង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ គោលដៅចម្បងនោះ គឺចង់តម្រង់ទិសនៅរបៀបកសាងផែនការ របស់បណ្តាអគ្គនាយកដ្ឋាន និងទាមទារឲ្យរំកិលនូវអ្វីដែលមិនចាំបាច់ ហើយអ្វីដែលចាំបាច់ត្រូវដាក់ចូលក្នុងផែនការអនុវត្ត។
ក្រៅពីនេះ នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកបន្ថែមថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងលើកកម្ពស់នៃស្មារតី ប្រុងប្រយ័ត្ន សម្រាប់អនុវត្តការងារទាំងនេះ ព្រោះវាជាគោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យគ្រប់គ្រងថវិកា។
នាយឧត្តមសេនីយ៍ បន្តទៀតថា គ្រប់អគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងមហាផ្ទៃ ត្រូវតែមានកិច្ចសហប្រតិបត្តិការល្អយ៉ាងជិតស្និត ហើយធ្វើការជាមួយគ្នាបានល្អប្រសើរ នោះនឹងអាចជម្រុញនូវការអនុវត្តន៍ថវិកាផែនការកម្មវិធីបាន ហើយថែមទាំងឈានទៅដល់ការអនុវត្តបានយ៉ាងពេញលេញល្អប្រសើរ។
សូមជម្រាបជូនថា កិច្ចប្រជុំស្ដីអំពី «ការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល៣ឆ្នាំ ២០១៩-២០២១» ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃនេះ មានរយៈពេល៧ថ្ងៃ ហើយនេះជាថ្ងៃទី៤នៃកិច្ចប្រជុំ នឹងបញ្ចប់នៅថ្ងៃទៅ២៤ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ៕