(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានរៀបចំពិធីជប់លៀងជួបជុំ តារាសម្ដែង,ផលិតករ និងក្រុមការងារថតក្នុងរឿង «ទាយាទអសុរ» និងរឿង «ភូមិគ្រឹះ១០០ល្បិច» ដែលបានថតបញ្ចប់ជាស្ថាពរ និងត្រៀមដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្លួន នៅពេលឆាប់ៗខាងមុខនេះ។ កម្មវិធីជួបជុំតារាសម្ដែង ក្នុងរឿងទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើង នៅឯភោជនីយដ្ឋានទន្លេបាសាក់ពីរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ប្រធានកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ លោក ហួង តារាមុនី បានអះអាងថា ភាពយន្តរឿង «ភូមិគ្រឹះ១០០ល្បិច» ដែលមានតារាសម្ដែង ឆឹម វត្តី បានថត គឺជារឿងដឹកនាំផលិតដោយក្រុមផលិតករថៃ និងជាភាពយន្ត ដែលបានចំណាយច្រើន ដោយសារតែនោះជាភាពយន្តបែបបុរាណ ហើយត្រូវបានសម្រិតសម្រាំងទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ និងទីតាំង ឲ្យបានត្រូវនឹងទម្រង់បុរាណ។
លោកបន្តទៀតថា ភាពយន្តមួយនេះ មានចំនួនជាង៣០ភាគ និងគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ក្នុងពេលដ៏ខ្លី អ៊ីចឹងហើយ មុនពេលការដាក់បញ្ចាំង នឹងត្រូវកំណត់ឡើង ក៏សម្រេចចំណាយទុនជប់លៀង ដើម្បីអបអរដល់ក្រុមផលិតករ និងតួសម្ដែង ដើម្បីឲ្យកាន់តែមានភាពស្និទ្ធស្នាល រវាងគ្នានឹងគ្នា។ យ៉ាងណាមិញសម្រាប់ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ តែងតែរៀបចំកម្មវិធីបែបនេះ ជាបន្តបន្ទាប់មកហើយ ក្រោយពេលដែលថតបញ្ចប់រឿងនីមួយៗ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់តារាសម្ដែង ក្រុមការងារថត និងបង្កើនភាពស្និទ្ធស្នាល សប្បាយរីករាយ ដែលការងារទទួលបានជោគជ័យ។
សូមបញ្ជាក់ថា នៅក្នុងពិធីជួបជុំនោះ ត្រូវបានគេសង្កេតឃើញថា មានវត្តមានតារាល្បីៗជាច្រើន បានបង្ហាញខ្លួន ជាមួយនឹងសម្រស់ស្រស់ស្អាតគ្រប់ៗគ្នា ក្នុងនោះក៏មានផលិតករ និងក្រុមការងារថតភាពយន្ត ចូលរួមជាច្រើននាក់ ផងដែរ៕