(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា២គោលដៅ ពេញមួយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
ពេលព្រឹកចំនួន០១គោលដៅ៖ កម្លាំងសរុបចំនួន១៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតសង្កាត់លេខ០២ ស្ថិតក្នុងភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ។
ពេលល្ងាចចំនួន០១គោលដៅ៖ កម្លាំងសរុបចំនួន២២នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន២២នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបកាល់តិច ស្ថិតក្នុងភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន១២៤គ្រឿង, ល្មើសច្បាប់ចរាចរណ៍ចំនួន១១១ករណី, រថយន្ត១៥គ្រឿងមានដូចខាងក្រោម៖
១៖ពិន័យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកបានចំនួន៧៥គ្រឿង
២៖ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន០៩គ្រឿង
៣៖ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់ បានចំនួន០៥គ្រឿង
៤៖ពិន័យរថយន្តល្មើសផ្លាកសញ្ញាចរាចរណ៍ ចំនួន១០គ្រឿង
៥៖ពិន័យម៉ូតូល្មើសផ្លាកសញ្ញាចរាចរណ៍ ចំនួន១២គ្រឿង
៦៖ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវចំនួន១៣គ្រឿង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី៕