(ភ្នំពេញ)៖ តាមរយៈបណ្តាញសារព័ត៌មាន Fresh News, ប្តីប្រពន្ធចំណាស់ពីរនាក់ គឺ លោក សុខ អឿន និង ប្រពន្ធឈ្មោះ មួង វ៉ាន់នី សូមថ្លែងអំណរគុណដល់លោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានសម្រេចបង្កើតគណៈកម្មការក្រសួង ជាមួយអគ្គាធិការដ្ឋាន និង មន្ទីរដែនដីរាជធានីភ្នំពេញ ត្រួតពិនិត្យលម្អិតបន្ថែមលើរបាយការណ៍របស់ប្រធានមន្ទីរដែនដីរាជធានីភ្នំពេញ ជុំវិញទំនាស់ដីធ្លីនៅខណ្ឌសែនសុខ ដែលអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ ។
ប្តីប្រពន្ធចំណាស់ពីរនាក់ដែលអះអាងថាកំពុងទទួលរងភាពអយុត្តិធម៌ ប្រាប់ Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នេះ ថា គណៈកម្មការនេះ គឺដឹកនាំដោយលោកលឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ជាមន្ត្រីដ៏ល្អ ហើយមានបទពិសោធន៍ច្រើនឆ្នាំក្នុងការដោះស្រាយទំនាស់ដីធ្លី។
ទោះបីយ៉ាងណា ប្តីប្រពន្ធចំណាស់ពីរនាក់ ទទូចសុំឱ្យគណៈកម្មការនេះ ពន្លឿនការដោះស្រាយផង ដោយសារអស់រយៈពេលជាច្រើនខែមកហើយ ហាក់ស្ងប់ស្ងាត់អំពីការដោះស្រាយ។
គួរបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរនាក់ធ្លាប់បញ្ជាក់ថា ពួកគាត់បានរងគ្រោះដោយសាររបាយការណ៍របស់លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី បំផ្លើសការពិតដោយជឿតាមតែពាក្យបណ្ដឹងរបស់ឈ្មោះសុខ សាន្ត និង ឈ្មោះ សម វង ដោយមិនបានធ្វើការស៊ើបអង្កេត ពិនិត្យ ឯកសារ ភស្តុតាង ថាតើឈ្មោះសុខ សាន្ត និង ឈ្មោះ សម វង បានដីមកពីណា? ដោយរបាយការណ៍នេះ ហាក់ធ្វើប្រញាប់ប្រញាល់ដោយពុំបានសួរនាំពួកគាត់ដែលជាម្ចាស់ដីស្របច្បាប់ឡើយ ។
ដោយសារតែមានបណ្តឹងតវ៉ា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ទៅលោកទេសរដ្ឋមន្រ្តីជា សុផារ៉ា និងបណ្តឹងគោរពជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បញ្ជូនមកក្រសួងរៀបចំដែនដី តាមរយៈដីកាបញ្ជូនលេខ១៧៨៦ខន\០១៧ ឱ្យលោកទេសរដ្ឋមន្រ្តីជា សុផារ៉ា ជួយពិនិត្យករណីនេះ ទើបឈានដល់ការបង្កើតគណៈកម្មការ ពិនិត្យឡើងវិញ ជុំវិញទំនាស់ដីធ្លីនេះ ។
ប្តីប្រពន្ធទាំងពីរនេះ សង្ឃឹមនិងជឿជាក់ថា គណៈកម្មការក្រសួងនឹងដោះស្រាយដោយតម្លាភាព ឱ្យមានភាពយុត្តិធម៌ចំពោះបញ្ហារំលោភបំពាន ឃុបឃិតគ្នា យកដីរបស់ពួកគាត់ដែលជាម្ចាស់ដីស្របច្បាប់ផង ។
ខាងក្រោមនេះ គឺ ជាឯកសារមួយចំនួនដែលភាគីលោកសុខ អឿន និង ភាគីលោក សុខ សាន្ត បានព្រមព្រៀងគ្នា ព្រមទាំងថតរូបរបងដី ដែលម្ចាស់ដីមានព្រំជាប់ដីឈ្មោះ សុខ សាន្ត ហើយឈ្មោះនេះ កំពុងកាន់កាប់ និង រំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលអាជ្ញាធរមើលមិនឃើញពីការរំលោភលើផ្លូវសាធារណៈនេះ ៕