(កំពង់ចាម)៖ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ លោក ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក ឡូវ សុខសាន តំណាងលោក ហ៊ុន ម៉ាណែត បាននាំយកនូវប្រហុក ថ្នាំពេទ្យ និងថវិកាមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋនៅភូមិខ្ទឹង ឃុំខ្ទឹង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ឡូវ សុខសាន បានថ្លែងថា ជាក់ស្តែងនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើរឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
បន្ថែមពីនេះ លោក ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគ គ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ។
លោក ឡូវ ហ៊ឹង គូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងជំរុញឲ្យ មន្រ្តីរាជការទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួនមានភាពជឿនលឿនទៅមុខ និងជៀសវាងការប្រគល់ភារកិច្ច ទៅឲ្យថ្នាក់ក្រោម ធ្វើការអនុវត្តខុសដែលជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋ ធ្វើការវាយតម្លៃខុសទៅលើរាជរដ្ឋាភិបាល។
ជាមួយគ្នានេះលោក ឡូវ ហ៊ឹង ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៦ ខាងមុខនេះ នឹងបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យប្រជាជនគ្រប់ៗរូប មានឱកាសកាន់តែប្រសើរជាងមុខ។ ក្នុងន័យនេះ លោកបានស្នើឲ្យបងប្អូនទាំងអស់ សូមអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យតាមរយៈការអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត គោលដៅឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។
ជាចុងបញ្ចប់ លោក ឡូវ សុខសាន បានប្រគល់កុំព្យូទ័រ០១គ្រឿង ដល់ធម្មការស្រុក ថវិកា១,០០០ដុល្លារដល់ឃុំខ្ទឹង និងប្រគល់ថវិកាមួយចំនួនដល់ប្រជាការពារ ដោយឡែកប្រជាពលរដ្ឋដែលបានចូលរួមប្រមាណ៣០០នាក់ ទទួលបានប្រហុក និងថ្នាំពេទ្យ។ នៅថ្ងៃដដែលនេះ លោក ឡូវ ហ៊ឹង បានអញ្ជើញពិនិត្យវាយតម្លៃការសាងសង់ សាលាបឋមសិក្សាភូមិខ្ទឹង០១ខ្នង ០៥បន្ទប់ ដែលកំពុងសាងសង់ឡើងបានប្រមាណ២០ភាគរយ៕