(សៀមរាប)៖ បុរសម្នាក់ទៀតហើយ ដែលត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន ក្រោយបានចែកចាយបន្ដនូវសារប្រមាថព្រះជេស្ដា ព្រះមហាក្សត្រខ្មែរ តាមបណ្ដាញសង្គម Facebook ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខេត្តសៀមរាប បានឃើញការបង្ហោះតាម Facebook ដែលមានគណនីឈ្មោះ Ban Samphy បានចែកចាយបន្តនូវរូបភាពរបស់អង្គព្រះមហាក្សត្រខ្មែរ ក្នុងន័យប្រមាថព្រះចេស្ដារបស់ព្រះអង្គ។ ក្រោយពីបានឃើញការបង្ហោះនោះ គណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់។
រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកជីក្រែង បានរកឃើញម្ចាស់គណនី Facebook ខាងលើនោះ មានឈ្មោះ បាន សម្ភីរ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរជាជាងកាត់សក់ បច្ចុប្បន្នរស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
កម្លាំងសមត្ថកិច្ច ក៏បានហៅសាម៉ីខ្លួនរូបនោះ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ហើយបើតាមចម្លើយរបស់ឈ្មោះ បាន សម្ភីរ បានសារភាពថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ខ្លួនដែលជាម្ចាស់គណនីឈ្មោះ Ban Samphy ពិតជាបានចែកចាយបន្តរូបភាព និងខ្លឹមសារ ដែលមានន័យប្រមាថ ព្រះមហាក្សត្រ នៅវេលាម៉ោង០៦៖៤០នាទី ពីFacebook ឈ្មោះ Khmer Thatcher ពិតប្រាដកមែន។
ហើយតាមចម្លើយសារភាពនោះដែរ ឈ្មោះ បាន សម្ភីរ បានបញ្ជាក់ទៀតថា ការចែកចាយបន្តនេះ មកពីមូលហេតុខ្លួនមិនពេញចិត្ត អង្គព្រះមហាក្សត្រ ដូច្នេះនៅពេលដែលខ្លួនបានឃើញការបង្ហោះ របស់គណនី (Khmer Thatcher) ក៏ខ្លួនបានចែកចាយបន្តនូវរូបភាព និងខ្លឹមសារ ក្នុងន័យប្រមាថអង្គព្រះមហាក្សត្រ តែម្ដងទៅ។
បើយោងតាមក្រមព្រហ្មទណ្ឌ នៃកម្ពុជា ដែលទើបត្រូវបានវិសោធនកម្មថ្មីនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថ អង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទួន ៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២លានរៀល ទៅ១០លានរៀល»៕