(រតនគិរី)៖ ថ្នាក់ដឹកនាំនៃទីក្រុងចុងជ័រ ខេត្តក្វាងស៊ី ប្រទេសចិន បានសន្យាថា នឹងជំរុញអ្នកវិនិយោគរបស់ចិនក្នុងក្រុងចុងជ័រ ខេត្តក្វាងស៊ី ឲ្យវិនិយោគផ្ទាល់ទៅកាន់ខេត្តរតនគិរី ព្រមទាំងជួយផ្តល់អាហារូបករណ៍ជូនសិស្សក្នុងខេត្តរតនគិរីទៅសិក្សានៅទីក្រុងចុងជ័រផងដែរ។
ការសន្យាបែបនេះបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូក្រុងចុងជ័រ ដឹកនាំដោយលោក វ៉ាន ចុងស៊ីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងចុងជ័រចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ លោក ថង សាវុន បានជម្រាបជូនលោក វ៉ាន ចុងស៊ីង អំពីសក្តានុពលខេត្តរតនគិរី ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ពិសេសស្ថានភាពផ្ទៃដីអំណោយផលខាងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ លើសពីនេះទៀត ដោយបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទូទាំងប្រទេសនោះ បានខេត្តភូមិភាគឦសានមួយនេះមានកំណើនសេដ្ឋកិច្ចខ្ពស់ ធ្វើជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងបង្ករលក្ខណៈកាន់តែងាយស្រួលក្នុងការប្រកបរបបអាជីវកម្ម និងការវិនិយោគទុននានា។
លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ប្រតិភូក្រុងចុងជ័រថា នៅក្នុងខេត្តបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន ២៥ក្រុមហ៊ុន និងក្រុមហ៊ុនវិនិយោគលើការកែច្នៃកៅស៊ូ ដំឡូងមី និងផលិតផលផ្សេងៗទៀត។ លោក ថង សាវុន បានអំពាវនាវឲ្យអ្នកវិនិយោគចិនចូលមកវិនិយោគលើការកែច្នៃផលិតផលសម្រាប់នាំចេញ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៍ អប់រំ កាន់តែប្រសើរឡើងថែមទៀត។
លោក វ៉ាន ចុងស៊ីង បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកអភិបាលខេត្ត និងបានសន្យាជំរុញអ្នកវិនិយោគឯកជនបន្ថែមទៀតឲ្យមកវិនិយោគនៅខេត្តរតនគិរីផ្ទាល់តែម្តង។
លោក ចុងស៊ីង ក៏បានសន្យាជំរុញឲ្យមានទស្សនកិច្ចសិក្សាលើការងារបេតិកភណ្ឌស្វែងយល់អំពីប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ការរក្សាគ្រប់គ្រងតំបន់អភិរក្ស និងការងារជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញការផ្លាស់ប្តូរគ្រប់វិស័យ ជាពិសេសជំរុញឲ្យយុវជនបន្តវេនផ្លាស់ប្តូរវប្បធម៌នៃខេត្តទាំងពីរ។
លោក ចុងស៊ីង ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សថ្នាក់វិទ្យាល័យនៅខេត្តរតនគិរី ពី ៣ ទៅ៥នាក់ ដើម្បីមានឱកាសសិក្សានៅក្រុងចុងជ័រ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក ក៏បានអញ្ជើញថ្នាក់ដឹកនាំខេត្តរតនគិរី ទស្សនកិច្ចសិក្សានៅក្រុងចុងជ័រនាពេលសមស្របណាមួយផងដែរ៕