(កំពង់ស្ពឺ)៖ នៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤៣គ្រួសារ ស្មើនឹង៤៣ខ្នងផ្ទះ (៦ខ្នងផ្ទះដួលរលំទាំងស្រុង) កាលពីថ្ងៃទី១៧-១៨ ខែឧសភា ក្នុងស្រុកថ្ពង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសសំណេះសំណាលនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធាន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីសោកស្តាយចំពោះខ្យល់កន្ត្រាក់ដែលបានកើតឡើង ព្រមទាំងបានលើកទឹកចិត្តនិងផ្ដល់អនុសាសន៍ ដល់ប្រជាពលរដ្ឋរងគ្រោះដែលមកទទួលអំណោយ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចនូវគ្រោះមហន្តរាយផ្សេងៗ ដូចជា ទឹកជំនន់ រន្ទះ និងខ្យល់កន្ត្រាក់។ សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ។ មួយវិញទៀត ត្រូវចេះស្រឡាញ់រាប់អាន យកអាសាគ្នាទៅវិញទៅមក និងចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង ព្រមទាំងត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបង្កាពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។
ប្រជាពលរដ្ឋ ដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កៅស៊ូតង់១ និងថវិកាមួយចំនួន៕