(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៨០៨គ្រឿង រកឃើញល្មើសច្បាប់៤៤៩គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ១៧១គ្រឿង និងផាកពិន័យ២៧៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២០ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៤២៨គ្រឿង អប់រំ៥៩គ្រឿង និងផាកពិន័យចំនួន២៣៥គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦២០គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៩,៦០៩គ្រឿង រកឃើញយានយន្តល្មើស១១,២៨៣(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៤,២៧៥គ្រឿង និងផាកពិន័យ៧,០០៨គ្រឿង
(ម៉ូតូ៩៦ភាគរយ)៕