(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ទិវាជាតិ នៃការចងចាំ២០ឧសភា ជូនដល់ប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត, លោក យន្ត មីន អភិបាលព្រះសីហនុ និងលោក ចេវ គឹមហេង អ្នកតំណាងរាស្រ្តមណ្ឌលព្រះសីហនុ។
ថ្លែងក្នុងឱកាសនោះ លោក យន្ត មីន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២០ ខែឧសភាជាទិវាបុណ្យជាតិផ្លូវការមួយ នៃកម្ពុជា ដោយមានឈ្មោះថា «ទិវាជាតិ នៃការចងចាំ» ដើម្បីប្រជាជាតិទាំងមូលគោរព និងចងចាំនូវសោកនាដកម្ម ដែលជនរួមជាតិរាប់លាននាក់ បានរងគ្រោះនឹងបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងអណោចអធ័មបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយភាពសាហាវឃោឃៅ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃកម្ពុជា និងមនុស្សជាតិទាំងមូល។
លោកបានបន្តថា ពន្លឺនៃជ័យជម្នះ ៧មករា ១៩៧៩ បានសង្គ្រោះជាតិ និងប្រជាជនកម្ពុជា រស់រានមានជីវិតជាថ្មីៗ សករាជថ្មី នៃការស្ថារ និងកសាងទឹកដីកម្ពុជា ឡើងវិញពីលេខសូន្យ ក្នុងស្ថានភាពដែលកម្ពុជា មានសន្តិភាពផង និងសង្គ្រាមផង បានកសាងជាតិពីបាតដៃទទេ ឆ្លងកាត់ឧបសគ្គនិងការលំបាកយ៉ាងច្រើន ទើបសម្រេចបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់ជូនជាតិ និងមាតុភូមិដូចសព្វថ្ងៃនេះ។
ពន្លឺសន្តិភាពត្រូវបានគ្រប់ដណ្ដប់ពេញផ្ទៃ នៃមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋានសន្តិភាព សន្តិសុខ ស្ថេរភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នៃរដ្ឋសភា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ជាឧបករណ៍ដ៏សំខាន់សម្រាប់ទ្រទ្រង់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅ សម្រេច និងកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ វឌ្ឍនភាព វិបុលភាព សុខដុមរមនា និងសុភមង្គលជូនប្រជាពលរដ្ឋ ពិសេសចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ សក្កិសមជាទីក្រុងកំពង់ផែសមុទ្រ ក្រុងសេដ្ឋកិច្ច ទេសចរណ៍ និងជាទីក្រុងឧស្សាហកម្ម ទេសចរណ៍បៃតងអាស៊ាននាពេលអនាគត។
ម៉្យាងទៀតសូមឧទ្ទិសដល់ថ្ងៃទិវាជាតិនៃការចងចាំ២០ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាជនកម្ពុជា និងសូមបងប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងចូលរួមថែរក្សាការពារសន្តិភាពនៅកម្ពុជា៕