(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅខេត្តកំពង់ចាម លោក ហ៊ុន ម៉ាណែត បានប្រាប់ថា ត្រូវមានទំនុកចិត្តលើការដឹកនាំប្រទេសរបស់ សម្ដេចតេជោ ហ៊ុន សែន ព្រោះសម្ដេចតែងតែធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ទៅមុខ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ និងលើគ្រប់វិស័យ។
ពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ និងផ្ដាំផ្ញើលោកគ្រូ អ្នកគ្រូ សូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំតទៅទៀតដើម្បីថែរក្សាលំនឹងនយោបាយ សុខសន្តិភាព ជំរុញការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបន្តទៀតទៅ។
បើតាមលោក ហ៊ុន ម៉ាណែត អនាគតកាល គឺផ្អែកលើលំនឹងនយោបាយ សុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ ដើម្បីលំនឹងនយោបាយលោកគ្រូ អ្នកគ្រូ គួរទុកចិត្តចំពោះអ្នកដឹកនាំ និងក្រុមដឹកនាំដែលមានបទពិសោធន៍ដែលអាច រក្សាលំនឹងនយោបាយ និងសេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាពលរដ្ឋមានការឡើង និងប្រទេសឲ្យមានការរីកចម្រើនជាបន្តទៀត។
លោកក៏បានរំលឹកដែរថា ដំណើរការវិវត្តន៍របស់កម្ពុជា ក្រោយពីបញ្ចប់សង្គ្រាម ហើយរីកចម្រើនមកដល់ពេលនេះ គឺបានជាប់ចំណាត់ថ្នាក់លេខ៧ នៅក្នុងចំណោម១៧៤ប្រទេស នៅលើពិភពលោកជាប្រទេស ដែលមានសេដ្ឋកិច្ចដើរលឿនជាងគេ។ ការដឹកនាំប្រទេសរីកចម្រើនជាង២០ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានដោយសារធនធានមនុស្សរបស់ខ្មែរ។
លោកគូសបញ្ជាក់ថា កូនខ្មែរបច្ចុប្បន្នមានសមត្ថភាពផលិតសម្ភារ និងផលិតផលមួយចំនួនរួមមាន សម្លៀកបំពាក់ គ្រឿងយន្ត អង្ករ និងសម្ភារជាច្រើនទៀត។ លើសពីនេះ សូម្បីតែជនជាតិជប៉ុន ក៏បានកោតសរសើរកងកម្លាំងរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងវិស័យទេសចរណ៍ របស់កម្ពុជាផងដែរ។ ក្រៅពីនេះ អន្តរជាតិរួមមានប្រទេស នៅតំបន់អាស៊ាន និងមហាអំណាចមួយចំនួន ក៏បានកោតសរសើរ និងចាប់អារម្មណ៍ចំណុចរបស់កម្ពុជា គឺស្ថេរភាព សុខសន្តិភាពនិងសមត្ថភាពរបស់មន្ត្រីកូនខ្មែ នេះជាមោទនភាពជាតិខ្មែរ ដែលបានកសាងចេញពីបាតដៃទទេក្រោយពីសង្គ្រាម៕