(ក្រចេះ)៖ បេក្ខជនតំណាងរាស្ដ្រឥស្លាមមណ្ឌលក្រចេះ លោក សាន់ ឡាទីន បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យសាសនិកឥស្លាមទាំងអស់នៅទូទាំងខេត្តក្រចេះ សូមចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ទាំងអស់គ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេស រក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍន៍។
ការអំពាវនាវជាថ្មីរបស់ លោក សាន់ ឡាទីន ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រគល់អំណោយរបស់សម្ព័នយុវជនមុស្លីមកម្ពុជា ខេត្តកំពង់ចាម ដល់គ្រួសារចាស់ជរា និងក្រីក្រ សម្រាប់ទទួលទាននាពេលស្រាយបួស ដែលមាន២៣០ គ្រួសារ មកពីភូមិ104-109-117 ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ពិធីនេះខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, លោក ស្លេះ ពុនយ៉ាមីន ប្រធានសម្ព័នយុវជនមុស្លីមកម្ពុជា (ស.យ.ម.ក) ខេត្តកំពង់ចាម តំណាងម្ចាស់ជំនួយ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។
ជាមួយគ្នានោះ បេក្ខជនតំណាងរាស្ដ្រឥស្លាមមណ្ឌលក្រចេះ បានកោតសរសើរដល់ លោកប្រធាន ស.យ.ម.ក ដែលជានិច្ចកាលតែងតែបានចូលរួមយ៉ាងសកម្ម ជាមួយកិច្ចការមនុស្សធម៌ ដើម្បីដោះស្រាយតម្រូវការផ្សេងៗ របស់គ្រួសារដែលមានការខ្វះខាត ក៏ដូចជាការចូលរួមកសាងនូវសមិទ្ធផលនានា នៅតាមសហគមន៍ផងដែរ។
លោកបន្តថា នេះគឺជាសណ្តានចិត្ត នៃការបរិច្ចាក ដែលផ្តើមចេញពីទឹកចិត្តស្នេហាជាតិ និងការលះបង់គ្រប់បែបយ៉ាងជូនសហគមន៍ ពីសំណាក់ថ្នាក់ដឹកនាំ សកម្មជនគណបក្សប្រជាជនកម្ពុជា បើប្រៀបធៀបតំណាងរាស្រ្តគណបក្សប្រឆាំង នាអាណត្តិកន្លងផុតទៅ ក៏ដូចជាបេក្ខជនតំណាងរាស្រ្ត សម្រាប់អាណត្តិថ្មីរបស់គណបក្សនានា គឺមិនទាន់បាននាំអ្វីជាប្រយោជន៍ ការចូលរួមកសាងសង្គមជាផ្លែផ្កាដូចជាគណបក្សប្រជាជនកម្ពុជានោះទេ៕