(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG និង Jet's Group នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រគល់រង្វាន់លើកទឹកចិត្តជូន ម្ចាស់ជយលាភីដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រឡង «សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨» ដែលទើបបញ្ចប់នាពេលកន្លងទៅនេះ។
រង្វាន់លើកទឹកចិត្តដែលលោកឧកញ៉ា ស្រី ចាន់ថន ប្រគល់ជូនក្នុងឱកាសបើកលក់ផ្ទះល្វែងគម្រោងទី៣ ក្នុងទឹកដីត្បូងពេជ្រ ស្កាយលែន(SKYLAND) សេវែនអិនជី 7NG រួមមាន ម្នាក់ៗម៉ូតូមួយគ្រឿង និងថវិកាចំនួនបីលានរៀល។
សូមរំលឹកថា ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ជាពិសេសពីសំណាក់កម្មករ-កម្មការិនី។
ឆ្នាំនេះគឺជាលើកទី៤ហើយ ដែលក្រសួងការងារ បានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ដែលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួមពី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងដៃគូពាក់ព័ន្ធនានា សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវបរិយាកាសសប្បាយរីករាយជូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ហើយសង្ឃឹមថាកម្មករ-កម្មការីនីនឹងបន្តចូលរួមក្នុងកម្មវិធីនេះ កាន់តែអធឹកអធ័មថែមទៀត៕