(កណ្ដាល)៖ លោក គង់ វិបុល ប្រធានសាខាបក្សអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំប្រារព្ធទិវាជាតិ នៃការចងចាំ២០ឧសភា នៅស្រុកល្វាឯម ខេត្តកណ្ដាល។
បន្ទាប់ពីការសូត្រវិយោគកថារួចមក លោក គង់ វិបុល រួមជាមួយថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋជាង៥០០នាក់ បានបំពាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធ និងបាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តបង្សុកូល រាប់បាត ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិត ដោយគ្មានកំហុស ក្នុងរបបខ្មែរក្រហម។
លោក គង់ វិបុល បានលើកឡើងថា ថ្ងៃ២០ឧសភានេះសម្រាប់ប្រជាជនខ្មែរ គឺជាថ្ងៃមួយដែលធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់ ឈានទៅរកភាពឈឺចាប់ និងបន្សល់នូវមរតនៃភាពឈឺចាប់ សម្រាប់ប្រជាជាតិទាំងមូល ហើយរបបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់។
រាជរដ្ឋាភិបាលបានសម្រេចកំណត់យកជាថ្ងៃឈប់សម្រាក បុណ្យជាតិមួយថ្ងៃទៀត តាមរយៈអនុក្រឹត្យលេខា១២ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានសម្រេចកំណត់ថា ថ្ងៃទី២០ ឧសភា រៀងរាល់ឆ្នាំជា «ទិវាជាតិនៃការចងចាំ» ហើយថ្ងៃនេះជាថ្ងៃឈប់សម្រាកជាសាធារណៈ ដើម្បីរំឭកដល់ជនរងគ្រោះ ដែលបានស្លាប់ រួមទាំងប៉ះប៉ូវផ្លូវចិត្ត និងផ្នែកសង្គមដល់អ្នកដែលឆ្លងកាត់សម័យនោះ ចូលរួមផ្សះផ្សាជាតិ និងលើកកម្ពស់ការផ្សព្វផ្សាយ និងយល់ដឹងនូវអំពើឧក្រិដ្ឋកម្ម ដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។
លោក គង់ វិបុល ក៏បានជម្រាបជូនអំពីសារៈសំខាន់ និងតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយមិនត្រូវចាញ់បោកនូវឧបាយកល បោកប្រាស់ របស់អ្នកនយោបាយ ប្រជាភិថុត ទុច្ចរិត។ ជាក់ស្តែង បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងថ្លឹងថ្លែងចំពោះព័ត៌មាននានា ដែលត្រូវបានគេបង្ហោះ និងចែកចាយក្នុងបណ្តាញសង្គម Facebook ដែលព័ត៌មានខ្លះជាព័ត៌មានមិនពិត មានលក្ខណៈមួលបង្កាច់ ឆបោក និងចេតនាអាក្រក់ចំពោះរាជរដ្ឋាភិបាល។
សម្រាប់ការបោះឆ្នោតខិតជិតមកដល់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោះទាំងអស់គ្នា បោះឆ្នោត ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បោះឆ្នោតដើម្បីការងារ និងជីវភាពខ្លួនឯងប្រសើរឡើង ហើយអង្គពិធីទាំងមូល ប្តេជ្ញាចូលរួមបោះឆ្នោតទាំងអស់គ្នា គាំទ្រគណបក្សប្រជាជានកម្ពុជា ដែលមានសមត្ថភាពពិតប្រាកដក្នុងការដឹកនាំ ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំនាវាកម្ពុជាបន្តទៀត។
ជាទីបញ្ចប់ លោក គង់ វិបុល តាងនាមឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានសម្តែងនូវអំណរគុណជាថ្មីម្តងទៀត ចំពោះលោក លោកស្រីប្រធាន អនុប្រធានគណៈពង្រឹងមូលដ្ឋានឃុំ ចំណុះឲ្យស្រុកល្វាឯម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីនេះ៕