(ភ្នំពេញ)៖ ប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានរួមគ្នាប្រារព្ធ «ទិវាជាតិនៃការចងចាំ» ដើម្បីរំលឹកដល់របបដ៏សែនឃោរឃៅ និងព្រៃផ្សៃនៃរបបប្រល័យពូជសាសន៍។ ក្រៅពីរំលឹកដល់ភាពឃោរឃៅព្រៃផ្សៃ និងទុក្ខវេទនានៅក្នុងរបបនេះហើយ ការប្រារព្ធទិវានេះ ក៏ដើម្បីធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលដល់ប្រជាពលរដ្ឋដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបនោះផងដែរ។
សម្រាប់នៅរាជធានីភ្នំពេញការប្រារព្ធទិវាជាតិនៃការចងចាំត្រូវបានធ្វើឡើងនៅសារមន្ទីរប្រល័យពូជសាស្ត្រជើងឯក ដោយមានការអញ្ជើញចូលរួមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនផ្សេងទៀត។ ក្នុងពិធីនាព្រឹកមិញក៏មានការនិមន្តព្រះប្រមាណ ២០៧អង្គ សូត្រមន្តរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះដែលស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតទាំងអយុត្តិធម៌។
នៅក្នុងពិធីនាព្រឹកមិញនេះ ក៏មានការសម្តែងសិល្បៈបង្ហាញពីទិដ្ឋភាពនៃការធ្វើទារុណកម្ម ក៏ដូចជាកាប់សម្លាប់ដ៏សែនព្រៃផ្សៃនៅក្នុងរបបប្រល័យពូជសាសន៍នេះ។
តាមរយៈផ្ទាំងទស្សនីយភាពសិល្បៈទាំងនេះ បានដាស់ស្មារតីរបស់គាត់ឲ្យនឹករលឹកឡើងវិញនូវទុក្ខវេទនាទាំងឡាយ ដែលពួកគាត់បានឆ្លងកាត់ក្នុងរបប ប៉ុល ពត ហើយអ្នកខ្លះបានរមៀលធ្លាក់ដំណក់ទឹកភ្នែកទាំងមិនដឹងខ្លួនថែមទៀតផង។ ប្រជាពលរដ្ឋធ្លាប់ឆ្លងកាត់របបដ៏សែនឃោរឃៅនេះ បានអះអាងថា ទោះបីរបបនេះបានរសាត់កន្លងផុតទៅអស់រយៈពេលជិត ៤០ឆ្នាំកន្លងទៅហើយក្តី តែស្លាកស្នាមដ៏សែនឈឺចាប់ទាំងអស់មិនអាចរសាត់បាត់ពីការចងចាំរបស់គាត់បាននោះឡើយ។
អ្នកស្រី ផល វួចម៉េង អាយុ ៦៧ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ បានរំលឹកថា ក្នុងរបបអាវខ្មៅរូបគាត់ត្រូវបានគេយកទៅឲ្យរស់នៅស្រុកពារាំង ខេត្តព្រៃវែង។ អ្នកស្រីបានរំលឹកថា ក្នុងនាមជាកងចល័តអ្នកស្រីត្រូវបានរបបមួយនេះបង្ខំឲ្យធ្វើការស្ទើរតែ ២៤ម៉ោងក្នុងមួយថ្ងៃ ពុំមានពេលសម្រាកគ្រប់គ្រាន់ ពុំមានអាហារហូបចុកគ្រប់គ្រាន់ គឺហូបតែបបរគ្រប់ពេល។
ក្រៅពីការរងនូវទារុណកម្មការងារហើយនោះ អ្វីដែលធ្វើឲ្យអ្នកស្រី វួចម៉េង មិនអាចបំផ្លេចបានរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺឪពុកជាទីគោរពស្រឡាញ់របស់អ្នកស្រីត្រូវបានបនប្រល័យពូជសាសន៍សម្លាប់ចោលដោយចោទប្រកាន់ថា ជានាយទុន។
អ្នកស្រី វួចម៉េច បានរំលឹកទាំងភាពក្តុកក្តួលដោយមានដំណក់ទឹកភ្នែករមៀលធ្លាក់ផងយ៉ាងដូច្នេះ «អ្នកពិសេសសម្រាប់ជីវិតខ្ញុំ គឺប៉ាខ្ញុំ ត្រូវប៉ុលពតយកទៅប្រហារជីវិតតាំងពីឆ្នាំ១៩៧៦។ ដូច្នេះខ្ញុំក្តុកក្តួលមកទីនេះខ្ញុំក្តុកក្តួល ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ ខ្ញុំមិនអាចទប់ទឹកភ្នែកឈ្នះ ព្រោះខ្ញុំនឹកប៉ាខ្ញុំ ហើយខ្ញុំនឹកបងប្អូនមាមីងខ្ញុំបាត់បង់ជីវិតក្នុងរបបប៉ុលពតហ្នឹងច្រើនណាស់ដែរ ទាំងគ្រួសារៗ គឺមិនមានសេរីភាពទាល់តែសោះ»។
ជាមួយនឹងការនឹករលឹកដល់ភាពព្រៃផ្សៃនៃរបបនេះហើយ អ្នកស្រី វួចម៉េង ក៏បានរីករាយចំពោះរបបបច្ចុប្បន្នដែលបានធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ។ ស្រ្តីដែលធ្លាប់ហែលឆ្លងទុកវេទនារបបប្រល័យពូជា និងការព្រាត់ប្រាស់ឪពុកសាច់ញាតិបងប្អូនរូបនេះ មិនចង់ឃើញរបបដ៏សែនប្រល័យនេះវិលមកលងបន្លាចប្រជាជនកម្ពុជាជាថ្មីនោះឡើយ។
អ្នកស្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំជាតិកម្ពុជា អ្នកនយោបាយខ្មែរ ព្រមទាំងប្រជាពលរដ្ឋខ្មែរឲ្យរួបរួមសាមគ្គីគ្នាកសាងអភិវឌ្ឍន៍ជាតិ ជាពិសេសទប់ស្កាត់កុំឲ្យកម្ពុជាកើតមានរបបដ៏សែនឃោរឃៅព្រៃផ្សៃនោះកើតមានជាថ្មី។
សូមបញ្ជាក់ថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ទិវានេះត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករាឆ្នាំ១៩៧៩។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
មាត្រា២នៃអនុក្រឹត្យនេះចែងថា ទិវាជាតិនៃការចងចាំនេះត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន៕