(កណ្ដាល)៖ ទុក្ខលំបាក និងការលះបង់គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីរំដោះជាតិមាតុភូមិ ចេញពីភ្លក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមានសន្ដិភាព ការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ត្រូវបានលោក កៅ ថាច តំណាងទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងប្រាប់យុវជនជំនាន់ក្រោយ។
ការលើកឡើងរបស់លោក កៅ ថាច ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក រួមជាមួយ លោក ភីម ភារ៉ា អភិបាលស្រុកល្វាឯម រៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិស្សិតអាហាររូបករណ៍ ដែលទទួលបានពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងយុវជនបង្គោលក្នុងស្រុកល្វាឯម សរុបប្រមាណ១០០នាក់ ដើម្បីអបអរទិវាជាតិនៃការចងចាំ២០ឧសភា។
លោក កៅ ថាច បានសង្កត់ធ្ងន់ថា ការលុបបំបាត់ និងរារាំងនូវការវិលត្រលប់វិញនូវរបបប្រល័យពូជសាសន៍ ការរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិជាប់ៗគ្នា ក្នុងរយៈកាលកន្លងមកនេះ គឺសុទ្ធតែជាស្នាដៃរបស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ដើម្បីរក្សាការអភិវឌ្ឍន៍ជានិរន្តន៍ បន្តស្នាមញញឹម ភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ តំណាងទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើយុវជនបន្តគាំទ្រគណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យបន្តដឹកនាំនាវាកម្ពុជាជាបន្តទៀត៕