(កោះកុង)៖ អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី២០ ខែឩសភា ឆ្នាំ២០១៨ បានរៀបចំទិវាជាតិនៃការចងចាំ ដោយមានការចូលរួមជាអធិបតីភាពពី លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក ហាក់ ឡេង អភិបាលស្រុក និងជាអនុប្រធានសាខាគណបក្សប្រជាជនកម្ពុជា(CPP)ស្រុកមណ្ឌលសីមា រួមទាំមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឳកាសនោះ លោក កាយ សំរួម បានថ្លែងថា ទិវាក្នុងថ្ងៃនេះ គឺជាការគោរពវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ដែលបានពលីជីវិតតស៊ូ រំដោះប្រទេសជាតិ និងគោរពវិញ្ញាណក្ខន្ធជូនប្រជាជនកម្ពុជា ដែលបានស្លាប់ជាង៣លាននាក់ ក្នុងរបបប្រជាធិតេយ្យប្រល័យពូជសាសាន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មិនអាចបំភ្លេចបានឡើយ។

លោកបញ្ជាក់ថា «ហេតុដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច យើងមានថ្ងៃនេះ ដោយសារថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ជាមាតាទី២របស់ប្រជាជនកម្ពុជា និងជាប្រភពដែលនាំឲ្យមានការរីកចម្រើនគ្រប់វិស័យដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកបដោយគតិបណ្ឌិតដ៍ខ្ពងខ្ពស់ បានធ្វើការកសាងអភិវឌ្ឍន៍ប្រទេសរីកចម្រើនគ្រប់វិស័យ និងធ្វើឲ្យប្រទេសមានសុខសន្តិភាព មានសេរីគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋទូទាំងប្រទេស»។

ក្នុងឳកាសនោះដែរ ប្រជាពលរដ្ឋទាំងអស់ បានប្តេជ្ញាទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាម្ចាស់ឆ្នោត និងប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ កាន់តែមានភាពរីកចម្រើន សុខសន្តិភាពសេរី និងយុត្តិធម៌៕